(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកស្រី ព្រមទាំងសហការី នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំយកអំណោយមនុស្សធម៌ ចុះចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣៧១គ្រួសារ នៅទីតាំងបួនផ្សេងគ្នា មានក្រុងស្ទឹងសែន ឃុំបឹងល្វា ឃុំក្រយា និងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក សុខ លូ បាននាំនូវការសាកសួរសុខទុក្ខក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកបានបន្តទៀតថា ប្រមុខរដ្ឋាភិបាលនៃកម្ពុជា ដឹកនាំដោយ សម្តេច ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយការលំបាកជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។
លោក សុខ លូ បានសង្កត់ធ្ងន់ថា សម្រាប់ការងារផ្តល់ប័ណ្ណសមធម៌នេះសូមភូមិឃុំ/សង្កាត់ធ្វើ ឲ្យបានសុក្រិត ត្រឹមត្រូវ យុត្តិធម៌ ច្បាស់លាស់ ក្នុងនោះក្រុង ស្រុក ត្រូវយកចិត្តទុកដាក់តាមដានត្រួតពិនិត្យឲ្យបានហ្មត់ចត់ ចុះជាប់ជាមួយភូមិឃុំ/សង្កាត់ ចៀសវាងដាច់ខាតករណីឃុបឃិតគ្នាដាក់បញ្ចូលសាច់ញាតិ បងប្អូនកូនក្មួយខ្លួនឯង ដែលមិនមែនជាជនក្រីក្រ និងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះពិតប្រាកដ។
លោក សុខ លូ បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់បង្កើននូវការយកចិត្តទុកដាក់ នៃការរីករាលដាលជំងឺ COVID-១៩នេះ ដោយរក្សាអនាម័យត្រូវពាក់ម៉ាសការពារ ឬប្រើកន្សែងទប់មាត់នៅពេលក្អក ឬកណ្តាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែលដាក់ជាប់តាមខ្លួនជាប្រចាំ នៅពេលធ្វើដំណើរ នៅគ្រប់ទីកន្លែងជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ។
លោក សុខ លូ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ជួយអប់រំកូនចៅឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន។
អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខកំប៉ុង ១ឡូត៍ មី ១កេស ច្រាសដុះខោអាវ១ សាប៊ូ ១ដុំ ៕