(ក្រចេះ)៖ លោក គង់ គីមនី បានចូលកាន់តំណែងជាអភិបាលរងខេត្តក្រចេះជាផ្លូវការ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ដោយជំនួស លោក ខ័ណ្ឌ ចំណាន ដែលត្រូវផ្ទេរភារកិច្ចទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។

ពិធីប្រកាសនេះ បានធ្វើឡើងរដ្ឋបាលខេត្តក្រចេះ ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី លោក វ៉ា ថន អភិបាលខេត្តក្រចេះផងដែរ។

នៅក្នុងពិធីចូលកាន់តំណែងនោះ លោកអភិបាលខេត្តក្រចេះ បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ ការគ្រប់គ្រង ថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តឱ្យមានលក្ខណៈល្អប្រសើរ និងសមិទ្ធផលនានា។

លោក វ៉ា ថន បានឱ្យដឹងថា ក្នុងនោះដោយផ្អែកលើមូលដ្ឋានសុខសន្តិភាព សណ្ដាប់ធ្នាប់សង្គម និងសក្តានុពលក្នុងខេត្ត ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត បានខិតខំអនុវត្តការងារយ៉ាងសកម្ម ដើម្បីសម្រេចឱ្យបានជោគជ័យនូវការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ ដំណាក់កាលជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ធានាបាននូវការរក្សាសន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចដោយផ្អែកលើវិស័យសំខាន់ៗ ដែលជាវិស័យអាទិភាពរួមមាន៖ វិស័យកសិកម្ម ការកសាងជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស សុខាភិបាល ទេសចរណ៍ និងអគ្គីសនីជាដើម។

លោក ប៊ុន ហុន បានកោតសរសើរគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ដែលបានខិតខំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការគ្រប់គ្រងសភាពការណ៍ក្នុងខេត្តទាំងមូលបានល្អប្រសើរ បានរួមចំណែកក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកក៏បានបានជំរុញដល់គណៈបញ្ជាការឯកភាព គ្រប់ថ្នាក់ ត្រូវខិតបន្តទៀត ពង្រឹងការងារភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីបង្ក្រាបរាល់គ្រប់មុខសញ្ញា ដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន។ លោកបានជំរុញ ឱ្យលើកកម្ពស់ការទទួលខុសត្រូវ របស់កងកម្លាំងសមត្ថកិច្ច ជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមអនុវត្តតាមវិធានការការពារ ទប់ស្កាត់ការ រាត្បាតនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក ប៊ុន ហុន បានបញ្ជាក់ថា ការផ្លាស់ប្តូរតួនាទី ភារកិច្ច និងផ្តល់តំណែងក្នុងការដឹកនាំនេះ គឺដោយសារលោក ខ័ណ្ឌ ចំណាន បានដល់អាណត្តិបំពេញការងាររយៈពេល ០៨ឆ្នាំ ក្នុងតួនាទីជាអភិបាលរងខេត្ត ស្របតាមច្បាប់កំណត់។ គោលការណ៍នេះ គឺដើម្បីធានាឱ្យមន្ត្រីដឹកនាំនៅមូលដ្ឋានទាំងអស់ ខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាព តម្លាភាព និងរៀនសូត្រ ដកបទពិសោធន៍ក្នុងជួរមន្រ្តីដឹកនាំនៅថ្នាក់ក្រោមជាតិពីមូលដ្ឋានមួយទៅមូលដ្ឋានមួយទៀត។

ជាមួយគ្នានោះដែរ លោក ប៊ុន ហុន ក៏បានផ្តាំផ្ញើដល់ លោក គង់ គីមនី ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មីនេះ ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន តាមរយៈបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍នៅរដ្ឋបាលខេត្តក្រចេះ ឱ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

ជាមួយគ្នានេះ លោក គង់ គីមនី ដែលទើបតែងតាំងថ្មី បានប្ដេជ្ញាចិត្តខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព រក្សាសាមគ្គីភាពផ្ទៃក្នុង ឆ្លើយតបនឹងរាជរដ្ឋាភិបាល ដែលបានផ្ដល់ទំនុកចិត្តតែងតាំងលោកជាអភិបាលរងខេត្តក្រចេះនាពេលនេះផងដែរ៕