(ភ្នំពេញ)៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យក្រសួងធម្មការ និងសាសនា ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធឱ្យចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុក «Troll យឹម តន» ក្រោមហេតុផលថា ម្ចាស់គណនីហ្វេសប៊ុកនេះបានធ្វើសកម្មភាពជាន់ឈ្លីតម្លៃព្រះពុទ្ធសាសនា និងព្រះសង្ឃខ្មែរ។
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ គណៈសង្ឃនាយក បានគូសបញ្ជាក់ថា គណនីហ្វេសប៊ុកឈ្មោះ «Troll យឹម តន បាន» បានបង្ហោះឃ្លីបវីដេអូផ្សព្វផ្សាយតាមបណ្ដាញសង្គមជាបទចម្រៀងលាយឡំដោយការកាត់តរូបភាពបព្វជិតសង្ឃពុទ្ធសាសនា ក្នុងលក្ខណៈអាសអាភាសជាមួយស្ត្រីភេទ ដោយប្រើពាក្យពេចន៍ក្នុងខ្លឹមសារវាយប្រហារប្រកបដោយចេតនា បំផ្លិចបំផ្លាញកិត្តិយស សេចក្ដីថ្លៃថ្នូរក៏ដូចជាតម្លៃពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
គណៈសង្ឃនាយក បានចាត់ទុកសកម្មភាពនេះ ជាការប្រមាថចំពោះព្រះសង្ឃថេរវាទ នៅកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត ក៏ដូចជាពុទ្ធបរិស័ទផងដែរមានភាពទោមនស្សកើតទុក្ខមិនសុខចិត្តយ៉ាងក្រៃលែងចំពោះទង្វើដ៏អកុសល និងថោកទាបនេះ។
គណៈសង្ឃនាយក បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នេះថា រូបភាពបុគ្គលដែលគណនីហ្វេសប៊ុកខាងលើ យកមកកាត់តភ្ជាប់ជាមួយស្ត្រីភេទ គឺជារូបភាពដែលគណៈសង្ឃគ្រប់ជាន់ថ្នាក់ បានដោះស្រាយប្រកបដោយច្បាប់វិន័យរួចហើយ រូបភាពខ្លះជារូបភាពសង្ឃបរទេស និងរូបភាពខ្លះទៀតជារូបភាពបព្វជិតសង្ឃពុំមានកំហុសអ្វីឡើយ ក៏ត្រូវបានយកមកដាក់ភ្ជាប់ ដើម្បីត្មះតិះដៀលបន្ទាបបន្ថោកក្នុងបទចម្រៀងយ៉ាងគ្រោតគ្រាត និងអយុត្តិធម៌។
គណៈសង្ឃនាយក បានកត់សម្គាល់ថា គណនីហ្វេសប៊ុក «Troll យឹម តន» បានប្រព្រឹត្តអំពើរឿងអកុសលដដែលនេះជាច្រើនឆ្នាំកន្លងមកហើយ ដោយបានយកអធិករណ៍ នៃបព្វជិតសង្ឃធ្វើជាអាជីព មានចេតនាយ៉ាងពេញទំហឹងក្នុងការបំផ្លិចបំផ្លាញកិត្តិយស សេចក្ដីថ្លៃថ្នូររបស់ព្រះសង្ឃក៏ដូចជាតម្លៃពុទ្ធសាសនាថេរវាទកម្ពុជាដែលគណៈសង្ឃនាយកកម្ពុជា ពុំអាចទទួលយកបានជាដាច់ខាត។
គណៈសង្ឃនាយក បានបដិសេធយ៉ាងដាច់អហង្ការ និងថ្កោលទោសចំពោះទង្វើដ៏ស្មោកគ្រោក អសីលធម៌ ទុច្ចរិត និងភាពជាអមនុស្ស ហើយស្នើក្រសួងធម្មការ និងសាសនា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការលើអ្នកគ្រប់គ្រងគណនីហ្វេសប៊ុកខាងលើតាមនីតិវិធីច្បាប់ជាធរមាន។
ទន្ទឹមនឹងសំណើរបស់គណៈសង្ឃនាយកនេះ នៅថ្ងៃដដែលនេះ ក្រសួងធម្មការ និងសាសនា បានដាក់សំណើទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកនេះផងដែរ។
ក្រសួងធម្មការ និងសាសនា បានស្នើសម្តេចក្រឡាហោម ស ខេង ជួយចាត់វិធានការស្វែងរក អត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុកនេះ ហើយស្នើលោក ខៀវ កាញារីទ្ធ លុបវីដេអូបទចម្រៀង «ស្រឡាញ់ប៉ះតែសង្សារលោក» ចេញពីគណនីហ្វេសប៊ុក «Troll យឹម តន» និងគណនីយូធូបឈ្មោះ «Troll ចោរថង់យាម OFFICIAL»៕