(ក្វាងចូវ)៖ នៅទីបំផុតអាកាសចរណ៍ធំបំផុតចិន China Southern បានសម្រេចប្រើប្រាស់យន្តហោះ ARJ21 ផលិតដោយក្រុមហ៊ុនក្នុងស្រុកចិន Comac ជាលើកដំបូងបំផុតហើយ ដើម្បីបម្រើវិស័យហោះហើរ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេ លំដាប់លេខ១លើលោកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។
យន្តហោះខ្នាតមធ្យម Comac ARJ21 នឹងចាប់ផ្តើមការហោះហើរក្នុងស្រុកដំបូង ពីទីក្រុងក្វាងចូវ (Guangzhou) ទៅកាន់ទីក្រុងជីយ៉ាង (Jieyang) ដែលទីក្រុងទាំងពីរនេះ ស្ថិតនៅក្នុងខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន។
បើតាម China Southern ក្រុមហ៊ុនអាកាសចរណ៍ ដ៏ធំបំផុតរបស់ចិនមួយនេះ នឹងបង្កើនចំនួនយន្តហោះ Comac ARJ21 ឲ្យដល់ ៣៥គ្រឿងនៅឆ្នាំ២០២៤។ Comac ARJ21 អាចផ្ទុកអ្នកដំណើរចន្លោះពី ៧៨-៩០នាក់ និងហោះបានចម្ងាយជាអតិបរមា ៣,៧០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា Comac ARJ21 ត្រូវបានបញ្ចេញគម្រោងអភិវឌ្ឍដំបូង កាលពីឆ្នាំ២០០២ និងលេចរូបរាងគំរូនៅឆ្នាំ២០០៧ ហើយរហូតដល់ឆ្នាំ២០០៨ ទើបវាត្រូវបានយកទៅធ្វើតេស្តហោះហើរជាលើកដំបូង។ សម្រាប់ផលិតផលសម្រេច ត្រូវបានបញ្ចេញជាផ្លូវការនៅឆ្នាំ២០១៨ ដោយយន្តហោះ Comac ARJ21 មានតម្លៃក្នុងមួយគ្រឿង ៤០លានដុល្លារអាមេរិក។ អាកាសចរណ៍ China Southern បានទទួល Comac ARJ21 មួយគ្រឿងដំបូងកាលពីខែមករា ឆ្នាំ២០២០៕