(កូរ៉េ)៖ ពីប្រទេសកូរ៉េខាងត្បូង ទីក្រុងស៊ូវ៉ុន មានយុវជនកម្ពុជាមួយក្រុម មានដើមកំណើតពីខេត្តបាត់ដំបង បានសហការគ្នារៀបចំ សាលាបង្រៀនបច្ចេកទេស ហាងកាហ្វេ និងហាងលក់គ្រឿងអេឡិកត្រូនិក រហូតទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរ ពលករបរទេស និងប្រជាពលរដ្ឋកូរ៉េ ជាវិជ្ជមានគួរឱ្យកត់សម្គាល់ ហើយគ្រោងនឹងសម្ពោធក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។
តាមការគ្រោងទុកពិធីសម្ពោធនេះ នឹងមានការអញ្ជើញឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ រួមនឹងមន្រ្តីសំខាន់របស់សាលាក្រុងស៊ូវ៉ុន ហើយកាន់តែពិសេស គឺមានវត្តមានសិល្បករ និងកីឡាការិនីល្បីៗរបស់កម្ពុជា នៅប្រទេសកូរ៉េក៏នឹងចូលរួមក្នុងថ្ងៃសម្ពោធផងដែរ។
ហាង Abocodo Café &Bar គឺជាស្នាដៃបង្កើតដោយកូនខ្មែរសុទ្ធសាធ ស្របតាមស្ដង់ដាកូរ៉េ មានបុគ្គលិកបម្រើការជាជនជាតិកូរ៉េ ហើយកាន់តែពិសេសនោះ គឺមានដាក់លក់នូវ កាហ្វេ បង្អែម និងស្រាបៀររបស់ខ្មែរ ក្នុងហាងនៅប្រទេសកូរ៉េ ដើម្បីចូលរួមជួយផ្សព្វផ្សាយលើកស្ទួយ ផលិតផល និងវប្បធម៌ខ្មែរ។
គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ សហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសកូរ៉េមានប្រមាណជាង ៦ម៉ឺននាក់ ដែលជាមធ្យមមនុស្សម្នាក់អាចរកប្រាក់ខែពី ១០០០ ទៅ២០០០ ដុល្លារអាមេរិកក្នុងមួយខែ និងបានផ្ញើថវិកាជូនក្រុមគ្រួសារមកក្នុងប្រទេសប្រមាណជា ៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕