(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះបានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយដោយ ច្រានចោលទាំងស្រុងនូវព័ត៌មានរបស់គេហទំព័រវិទ្យុអាស៊ីសេរី ដែលចុះផ្សាយថា «មានយោធាវៀតណាមប្រដាប់ដោយអាវុធ និងដំបងឆក់ប្រមាណ៣០នាក់ ចូលមកឈ្លានពាន និងធ្វើទុកបុកម្នេញ លើពលរដ្ឋខ្មែរជាច្រើនគ្រួសារ ដែលរស់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មិនឱ្យធ្វើស្រែលើដីរបស់ខ្លួនតាមបណ្ដោយព្រំដែន»។
រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា «ពុំមានវត្តមានទាហានវៀតណាមប្រដាប់ដោយអាវុធចូលមកឈ្លានពាន និងធ្វើទុកបុកម្នេញលើពលរដ្ឋខ្មែរ ដែលរស់នៅស្រុកពញក្រែកនោះទេ។ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានរបស់គេហទំព័រវិទ្យុអាស៊ីសេរី បានចុះផ្សាយ»។
រដ្ឋបាលខេត្តត្បូងឃ្មុំ កន្លងមករដ្ឋបាលខេត្ត បានសហការជាមួយអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចប្រទេសជិតខាងប្រើប្រាស់យន្តការ ដែលមានស្រាប់ក្នុងក្របខណ្ឌច្បាប់អនុញ្ញាត ដោយរដ្ឋាភិបាលប្រទេសទាំងពីរ ខិតខំយកចិត្តទុកដាក់សម្របសម្រួលដោះស្រាយបញ្ហានានា ឈរលើស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អ ការពារឧត្តមប្រយោជន៍ជាតិ ប្រជាជនប្តេជ្ញាការពារឱ្យបានបូរណភាពទឹកដី និងអធិបតេយ្យជាតិ ព្រមទាំងរួមចំណែកកសាងតំបន់ព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
រដ្ឋបាលខេត្តបានដាក់ចេញវិធានការរឹតបន្ដឹង និងពង្រឹងគ្រប់គ្រងការចេញ-ចូលឆ្លងកាត់ព្រំដែនទាំងមនុស្ស និងទំនិញយ៉ាងម៉ឺងម៉ាត់ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា រាល់បទល្មើសឆ្លងដែន ក៏ដូចជាដើម្បីរាំងខ្ទប់ការរីករាល ដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។
រដ្ឋបាលខេត្តត្បូងឃ្មុំ បញ្ជាក់ទៀតថា ចំពោះករណីដែលប្រជាពលរដ្ឋបានចូល ទៅបោះបង្គោលកំណត់ព្រំដី នៅលើសំណល់ដីពីការខណ្ឌសីមា និងបោះបង្គោលព្រំដែន គឺជាសកម្មភាពចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់។ ជាគោលការណ៍ សំណល់ដីនោះនឹងត្រូវស្ថិតក្រោមការគ្រប់គ្រង របស់លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួល បន្ទុកកិច្ចការព្រំដែន ក្រោយពីមានការផ្លាស់ប្តូរសច្ចាប័នសន្ធិសញ្ញាព្រំដែន ពាក់ព័ន្ធរវាងប្រទេសទាំងពីរ (កម្ពុជា វៀតណាម)។ ករណីនេះ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងមាន សមត្ថកិច្ចខេត្តបានជួបដោយផ្ទាល់ជាមួយ ប្រជាពលរដ្ឋ និងបានធ្វើការណែនាំ អប់រំ ពន្យល់ពីគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងចូលរួមអនុវត្តតាមគោលនយោបាយដ៏ភ្លឺស្វាងរបស់ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាលទ្ធផលប្រជាពលរដ្ឋបានទទួលយកសំណូមពរ របស់ក្រុមការងារ រដ្ឋបាលខេត្ត និងបានធានាំអះអាងថា មិនចូលទន្ទ្រានកាន់កាប់សំណល់ដី ក្នុងតំបន់នោះទៀតឡើយ។
រដ្ឋបាលខេត្តត្បូងឃ្មុំយល់ថា «ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីខាងលើ គឺជាព័ត៌មានអុជអាល បំភ្លៃការពិត មិនឆ្លុះបញ្ចាំងអំពីទិដ្ឋភាពជាក់ស្តែង គ្មានមូលដ្ឋានច្បាស់លាស់ ប្រឌិតឡើងដើម្បីបម្រើផល ប្រយោជន៍នយោបាយបក្សពួករបស់ខ្លួន ដែលបង្កការភ័ន្តច្រឡំក្នុងចំណោមសាធារណមតិ និងបង្កើតភាព ល្អក់កករក្នុងកិច្ចសហប្រតិបត្តិការរវាំងប្រទេសទាំងពីរ(កម្ពុជា-វៀតណាម)»៕