(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីណែនាំ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដោយក្រសួងបានកំណត់យកថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ក្រោយមានការយឺតយ៉ាវ ដោយសារការរីករាលដាលពីជំងឺកូវីដ១៩។
យ៉ាងណាចំពោះករណីថ្ងៃប្រឡងបាក់ឌុបចំថ្ងៃឈប់សម្រាករាជរដ្ឋាភិបាលបានកំណត់ សម្រាប់ប៉ះប៉ូវថ្ងៃសម្រាកចូលឆ្នាំថ្មី ត្រូវបានលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងរក្សាសិទ្ធិក្នុងការកែប្រែសម័យប្រឡងបាក់ឌុប នៅតាមគ្រឹះស្ថានសិក្សាឯកជននេះ ទៅតាមគោលការណ៍ថ្មីៗ របស់រាជរដ្ឋាភិបាល។
សេចក្ដីណែនាំបានបន្តទៀតថា សម្រាប់គ្រឹះស្ថានសិក្សាឯកជន ត្រូវដាក់ពាក្យស្នើសុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយភ្ជាប់បញ្ជីរាយនាមបេក្ខជនត្រូវប្រឡង មកក្រសួងតាមរយៈមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ឲ្យបានមុនដំណាច់ខែកក្កដា ឆ្នាំ២០២០ ជាកំហិត ដើម្បីពិនិត្យ និងទទួលស្គាល់ពីក្រសួង៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីណែនាំខាងក្រោម៖