(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល ថាប្លេត (Tablet) ចំនួន១៧០០គ្រឿង ផ្តល់ដោយ អង្គការ UNDP សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ដោយមានការអញ្ជើញចូលរួមពីលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា, លោក Luke Arnold ឯកអគ្គរាជទូតរងប្រទេសអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា, លោក Nick Beresford ប្រធានអង្គការ UNDP ប្រចាំប្រទេសកម្ពុជា, ថ្នាក់ដឹកនាំមន្ត្រីជំនាញ នៃក្រសួងផែនការ, តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ប្រធានមន្ទីរផែនការរាជធានី ខេត្ត ក្រុង ទូទាំងប្រទេស, អង្គការសង្គមស៊ីវិល និងអ្នកមានចំណែកពាក់ព័ន្ធចូលរួមផងដែរ។

ថ្លែងក្នុងពិធីប្រគល់-ទទួលនេះដែរ លោក Nick Beresford ប្រធានអង្គការ UNDP ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) នៅថ្ងៃនេះ បានផ្ដល់កុំព្យូទ័រថាប្លេតចំនួន ១៧០០គ្រឿង រួមជាមួយនឹងកញ្ចប់កម្មវិធី (software) ដល់ក្រសួងផែនការក្នុងគោលបំណង ជួយធ្វើឱ្យប្រព័ន្ធគាំពារសង្គមនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ដែលប្រកបដោយបរិយាប័ន្ន និងប្រសិទ្ធិភាពជាងមុន។

រីឯក្នុងនាមរដ្ឋាភិបាលអូស្ត្រាលី លោក Luke Arnold ឯកអគ្គរាជទូតរងប្រទេសអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា បានពាំនាំនូវប្រសាសន៍លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំ ព្រះរាជាណាចក្រកម្ពុជា យ៉ាងដូចនេះថា «រដ្ឋាភិបាលអូស្ត្រាលី មានមោទនភាព ដែលការគាំទ្ររបស់យើងក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ រាប់បញ្ចូលទាំងការឧបត្ថម្ភថាប្លេតទាំងនេះ ដែលក្លាយជាប្រព័ន្ធគោលសម្រាប់ជួយសម្រួលដល់ការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា ជូ​នគ្រួសារងាយរងគ្រោះក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩»

ថ្លែងក្នុងឱកាសដ៏វិសេសវិសាល នៃពិធីប្រគល់-ទទួលនេះដែរ កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានលើកឡើងថា «កម្ពុជាក៏ដូចជាសកលលោកទាំងមូលដែរ គឺរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាពិសេសចំពោះគ្រួសារក្រីក្រ។ ដើម្បីជួយសំរួលដល់ជីវភាពរស់នៅរបស់ប្រជាជន រាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រដែលមានបណ្ណសមធម៌។ ប៉ុន្តែនៅមានគ្រួសារ ក្រីក្រ ខ្លះអវត្តមានពីការចុះឈ្មោះទទួលបណ្ណសមធម៌ ហើយគ្រួសារខ្លះទៀតទើបធ្លាក់ខ្លួនក្រដោយសារបាត់បង់ចំណូលបណ្តាលមកពីវិបត្តិកូវីដ-១៩។ ដើម្បីពន្លឿនការចុះឈ្មោះក្រុមគ្រួសារ ក្រីក្រទាំងនេះនៅតាមឃុំសង្កាត់បន្ថែមទៀត ក្រសួងផែនការបានស្នើសុំកុំព្យូទ័រថាប្លេតចំនួន ១,៧០០ គ្រឿងពីអង្គការយូអិនឌីភី។ ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះបំផុតចំពោះ UNDP និងរដ្ឋាភិបាលអូស្ត្រាលីដែលបានរួមចំណែកគាំទ្រតាមរយៈការផ្តល់នូវកុំព្យូទ័រថាប្លេតទាំងនេះដល់ក្រសួង»

កិត្តិសេដ្ឋាបណ្ឌិត បានបន្តថា ដើម្បីធានាបានក្នុងការប្រើប្រាស់មានសុវត្ថិភាព ខ្ញុំសូមធ្វើការបែងចែកថាប្លេត ដែលចែកជូនទៅឃុំ សង្កាត់ជាពីរដាច់ដោយឡែកពីគ្នា៖

* ទី១៖ ថាប្លេតដែលបានផ្តល់ដោយអង្គការ GIZ និងអង្គការ UNICEF ចំនួន ១,៦៤៦ គ្រឿងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ប្រើប្រាស់សម្រាប់កម្មវិធីចុះឈ្មោះឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ។
* ទី២៖ ថាប្លេតដែលផ្តល់ដោយ UNDP សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ តាមការស្នើសុំ។

ឆ្លៀតក្នុងឱកាសនេះដែរ កិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើដល់ប្រធានមន្ទីរផែនការរាជធានី ខេត្ត ក្រុងទាំងអស់ តបតាមការផ្តល់សេចក្តីទុកចិត្តពីប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរផែនការ ទាំងអស់ ត្រូវតែខិតខំធ្វើឱ្យបាន លឿនរហ័ស និងតម្លាភាពរាល់ទិន្នន័យគ្រួសារក្រីក្រទាំងអស់ ជៀងវាងកុំឱ្យមានបាតុភាពអសកម្មកើតឡើង និងត្រៀមបង្ការ អប់រំ បណ្តុំបណ្តាលអាជ្ញាធរភូមិ ឃុំ សង្កាត់ ជាពិសេសសហការជាមួយពួកគាត់នៅឯមូលដ្ឋានជានិច្ចស្ថិតក្នុងដំណាក់កាលនេះ ត្រូវចុះដោះស្រាយរាល់បញ្ហាដែលកើតមានឡើងភ្លាមៗរាល់ការផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook ឬការរាយការណ៍ណាមួយជាប្រចាំ៕