(តាកែវ)៖ បន្ទាប់ពីផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនត្រូវរងការលិចលង់ដោយសារភ្លៀងមួយមេធំ កាលពីយប់មិញនេះ នៅព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ លោក មប៉ាន់ ភារៈ អភិបាលក្រុងដូនកែវស្ដីទី បានដឹកនាំមន្ត្រីជំនាញ រួមនឹងគ្រឿងចក្រ ចុះធ្វើការកាយប្រឡាយដើម្បីរំដោះទឹកកុំឲ្យលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋតទៅទៀត។

លោក ប៉ាន់ ភារៈ បានថ្លែងឲ្យដឹងថា អាជ្ញាធរមូលដ្ឋានមិនបានព្រងើយកន្តើយ ឬមិនយកចិត្តទុកដាក់ពីការលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ និងផ្លូវសាធារណៈមួយចំនួន ដោយសារភ្លៀងមួយមេធំកាលពីយប់មិញនោះទេ ពោលបន្ទាប់ពីលិចផ្ទះ និងផ្លូវសាធារណៈ អាជ្ញាធរក្រុងដូនកែវបានចុះទៅអន្តរាគមន៍ភ្លាមៗ ដើម្បីធ្វើយ៉ាងណាជួយរំដោះទឹកចេញ ពីផ្ទះប្រជាពលរដ្ឋឱ្យបានឆាប់។

លោកអភិបាលក្រុងដូនកែវស្តីទី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមជាមួយអាជ្ញាធរតាមរយៈការដាក់សំរាមនៅក្នុងធុងឲ្យបានត្រឹមត្រូវ កុំបោះចោលពាសវាលពាសកាលកាល ដែលនាំឲ្យស្ទះលូ ជាពិសេសត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរក្រុង ក្នុងការដាក់លូតាមមុខផ្ទះឲ្យត្រឹមត្រូវតាមបច្ចេកទេស ជៀសវាងដាក់លូដោយខ្លួនឯងដែលនាំឱ្យមានផលវិបាកពេលភ្លៀងខ្លាំងម្ដងៗ៕