(កំពង់ធំ)៖ ព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះគ្រូចៅអធិការវត្តឌួងសុរិយា ហៅក្ដីដូង និងជាព្រះធម្មធរមន្ត្រីសង្ឃស្រុកកំពង់ស្វាយ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ១២៩គ្រួសារ ដែលមកពី៥ឃុំមាន៨ភូមិ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នៅក្នុងពិធីចែកអំណោយដែលបានធ្វើឡើងនៅវត្តឌួងសូរិយា ស្ថិតក្នុងភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយនេះ ព្រះភិក្ខុធម្មបាលោ ជ សុចាយ មានសង្ឃដីការថ្លែងនូវការ កោតសរសើរនឹងដឹងគុណចំពោះសម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យ ពូជសាសន៍ រហូតមកដល់ពេលបច្ចុប្បន្ននេះធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

ព្រះភិក្ខុធម្មបាលោ ជ សុចាយ បានបន្តថា ដោយមើលឃើញពីការខ្វះខាត និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយហេតុផ្សេងៗ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ទើបព្រះអង្គបានរៀបចំជាអំណោយចែកជូនប្រជាពលរដ្ឋដែលខ្វះខាតនេះ។

ព្រះអង្គមានសង្ឃដីកាបន្តទៀតថា អំណោយដែលបានចែកជូនដល់ញោមញាតិនាពេលនេះ ជាអំណោយដែលបានមកពីសប្បុរសជននៅក្រៅស្រុកផងក្នុងស្រុកផង និងមួយចំនួនទៀតបានមកពី ពុទ្ធបរិស័ទ ចំណុះជើងវត្តក្តីដូងផង ថ្វីបើអំណោយនេះមានចំនួនតិចតួចស្តួចស្តើងក៏ពិតមែន តែវាអាចជួយសម្រាលដល់ភាពខ្វះខាត របស់ញោមញាតិជាពុទ្ធបរិស័ទ ហើយក៏ដើម្បីរួមចំណែកជួយ រំលែកទុក្ខលំបាករបស់រាជរដ្ឋាភិបាលផងដែរ។

ព្រះអង្គក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋឱ្យជៀសឆ្ងាយពីអំពើពាលាអបាយមុខទាំងបីរួមមាន ស្រី ស្រា ល្បែង ដែលធ្វើឱ្យសង្គមជាតិ និងគ្រួសារបាត់បងប្រាក់កាស ធ្វើឱ្យអន្តរាយដល់ខ្លួនឯង រួមទាំងធ្វើឱ្យអសន្តិសុខនៅក្នុងសង្គមទៀតផង។ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានទ្វេដង ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ក្នុងនេះត្រូវអនុវត្តវិធានការអនាម័យ ស្អាត ៣យ៉ាងជាប្រចាំ, ការប្រើម៉ាស់ កន្សែង ក្រម៉ា ខ្ទប់មាត់ ច្រមុះ ហើយត្រូវរក្សាគម្លាតសុវត្ថិភាព និងមិនត្រូវជួបជុំមានលក្ខណៈប្រមូលផ្តុំឡើយ។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារនាពេលនេះមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា ១ម៉ឺនរៀល៕