(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្ដិ បានថ្លែងថា អ្នកដំណើរពីក្រៅប្រទេសចំនួនជាង២ម៉ឺននាក់ហើយ ដែលបានត្រឡប់ចូលមកកម្ពុជា គិតចាប់ពីកម្ពុជាអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសកម្ពុជាធម្មតាវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

ការថ្លែងបែបនេះ របស់លោកស្រី ក្នុងឱកាសអញ្ជើញចូលរួមក្នុងជំនួបសម្ដែងការគួរសម រវាងឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ នាទីស្ដីការក្រសួងសុខាភិបាល។

លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ អ្នកដំណើរពីក្រៅប្រទេសគ្រប់ជាតិសាសន៍ទាំងអស់ សរុបចំនួនជាង២ម៉ឺននាក់ហើយ បើគិតទាំង១១ជើងហោះហើរក្នុងថ្ងៃនេះ (៩ជើងនៅទីក្រុងភ្នំពេញ និង២ជើងចុះទៅព្រះសីហនុ) ភាគច្រើនជនជាតិចិន ដែលត្រូវត្រលប់មកធ្វើការអ្វី និងនិស្សិតមួយចំនួនសរុបជិត១ពាន់នាក់»

លោកស្រីថ្លែងបន្ដថា «ទោះបីជាមានអ្នកដំណើរពីក្រៅប្រទេស ចូលមកកម្ពុជាកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ និងមានជើងហោះហើរពេលយប់ក្ដី ក្រុមមន្ដ្រីសុខាភិបាលរបស់យើង នៅតែបន្ដធ្វើការងារធ្វើតេស្ដនេះ ពេញ២៤ម៉ោង ដោយមិនរួញរាឡើយ មិនថាថ្ងៃឬយប់កណ្ដាលអាធាត្រនោះទេ គឺត្រូវធ្វើឱ្យហើយ និងយកចិត្ដទុកដាក់ខ្ពស់ ដើម្បីការពារទប់ស្កាត់រីករាលដាលកូវីដ១៩»

រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា «ខណៈដែលមានជើងហោះហើរមកកម្ពុជាកាន់តែច្រើន សាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាល បានរកទីតាំងចត្ដាឡីស័កបន្ថែមទៀត នៅសាលារៀនពោធិ៍ចិនតុង ដែលអាចទទួលបាន៣០០នាក់ និងវិទ្យាល័យ១០០ខ្នង ដែលក្រុមការងារនឹងចុះពិនិត្យនៅរសៀលនេះ»

លោកស្រីថ្លែងបន្ដថា សង្ឃឹមថាជំងឺកូវីដ១៩ មិនមានការឆ្លងចូលមកកម្ពុជាមានចំនួនច្រើននោះទេ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងអ្នកដំណើរចូលមកកម្ពុជា សូមកុំភ្លេចមេរោគកូវីដ១៩ វានៅតែជាករណីផុយស្រួយនៅឡើយ បើយើងមិនអនុវត្ដនូវវិធានការទាំងឡាយរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ដូចជារក្សាគម្លាតបុគ្គល និងសង្គម, ការអនាម័យដៃ និងខ្លួនប្រាណស្អាត, ការពាក់ម៉ាស និងការអនុវត្ដវិធានការផ្សេងទៀតៗដូចជាចត្ដាឡីស័កជាដើម។

ជាពិសេសអំឡុងចត្ដាឡីស័ក សូមកុំដើរចេញទៅក្រៅផ្ទះ ឬជួបជុំបងប្អូន និងអ្នកជិតខាង រហូតដល់១៤ថ្ងៃ ហើយថ្ងៃទី១៣ នៃចត្ដាឡីស័ក សូមទៅពិនិត្យរកមេរោគកូវីដ១៩ម្ដងទៀត ដើម្បីប្រាកដប្រជាថាគ្មានមេរោគកូវីដ»។

សូមជម្រាបថា គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមានអ្នកមានជំងឺកូវីដ១៩ សរុបចំនួន១៦៥នាក់ (ស្ត្រី ៤០នាក់ និងបុរស ១២៥នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ១៣៣នាក់ (ស្រី៣៩នាក់ និងបុរស៩៤នាក់) និង អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមានចំនួន៣២នាក់៕