(ប៉េកាំង)៖ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក Antony Blinken បានធ្វើកិច្ចពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ របស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍, ដោយស្នើឲ្យរដ្ឋាភិបាលក្រុង ប៉េកាំង ចូលរួមជម្រុញអង្គការសហប្រជាជាតិ ដើម្បីបន្ថែមទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ ប្រឆាំងនឹងប្រទេស កូរ៉េខាងជើង បន្ទាប់ពីការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរកាលពីពេលថ្មីៗកន្លងទៅនេះនេះបើយោងតាមសេចក្តី រាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Yonhap news ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ។
លោក Blinken បានប្រាប់ភ្នាក់ងារសារព័ត៌មានថា«យើងជឿជាក់ថា ប្រទេសចិន មានតួនាទីយ៉ាងសំខាន់ក្នុងបញ្ហានេះដោយសារ មានទំនាក់ទំនង ពិសេសជាមួយប្រទេស កូរ៉េខាងជើង»។
សូមជម្រាបថា លោក Blinken ដែលជាមន្ត្រីទូតជាន់ខ្ពស់លំដាប់ទីពីររបស់សហរដ្ឋអាម៉េរិក បន្ទាប់ពីលោក John Kerry កាលពីសប្តាហ៍មុន បានជួបជាមួយមន្ត្រីដំណាងប្រទេស កូរ៉េខាងត្បូង និងជប៉ុន បានរួមគ្នាស្នើភាគី ចិន ចូលរួមដើរតួនាទីពិសេស ដើម្បីបន្ថែមទណ្ឌកម្មទៅលើ រដ្ឋាភិបាលក្រុង ព្យុងយ៉ាងសម្រាប់ការធ្វើបាញ់សាកល្បងអាវុធនុយក្លេអ៊ែរកាលពីពេលថ្មីៗកន្លងទៅនេះ៕