(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ បានបង្ហើបពីបច្ចេកវិទ្យាថ្មី ដោយការបំពាក់ប្រព័ន្ធឡាស៊ែរ ដែលមានឥទ្ធិពលខ្លាំងក្លាជាមួយ យន្តហោះគ្មានមនុស្សបើក អាចបាញ់កំទេចគ្រាប់មីស៊ីល ពីលើអាកាសបាន នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Telegraph ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ។
សូមជម្រាបថា យន្តហោះគ្មានមនុស្សបើកនេះ អាចហោះសំកាំងលើអាកាស ក្នុងកម្ពស់រហូតដល់ជាង ៦៥.០០០ហ្វីត ក្នុងរយៈពេលជាច្រើនថ្ងៃ ជាមួយនឹងថាមពលយ៉ាងខ្លាំងក្លា ដែលអាចបាញ់កំទេចគ្រាប់មីស៊ីលបាន។ មន្ត្រីប្រចាំមន្ទីរបញ្ចកោណបានឲ្យដឹងថា យន្តហោះដែលបំពាក់ បច្ចេកវិទ្យាថ្មីនេះ មានប្រសិទ្ធភាពខ្ពស់ជាងកម្មវិធីមុន ដោយកាលពីមុនសហរដ្ឋអាម៉េរិក បានសាកល្បងបំពាក់ប្រព័ន្ធឡាស៊ែរនេះ ជាមួយយន្តហោះ Boeing 747 និងចំណាយទឹកប្រាក់អស់ ប្រមាណ៥ពាន់លានដុល្លារអាម៉េរិក៕