(កំពង់ឆ្នាំង)៖ អាងស្តុកទឹកស្អាតមួយកន្លែង ជាអំណោយរបស់មិត្តចិន តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាចំណងដៃដ៏វិសេសវិសាលរបស់រាជរដ្ឋាភិបាល ត្រូវបានប្រគល់ឱ្យប្រជាពលរដ្ឋរស់នៅ ក្នុងឃុំព្រៃមូលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សម្រាប់ប្រើប្រាស់ ដែលកន្លងមកក្នុងមូលដ្ឋានរបស់ពួកគាត់ ពុំធ្លាប់មានទឹកស្អាតប្រើប្រាស់នោះឡើយ។

នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរឃុំព្រៃមូល បានថ្លែងឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ចំពោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ ទីជនបទដាច់ស្រយាល ដែលខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់។ ជាក់ស្ដែងដូចជាឃុំព្រៃមូលរបស់ពួកគាត់នេះ បានទទួលអាងស្តុកទឹកស្អាតមួយ ដែលមានទំហំ៥០ម៉ែត្របួនជ្រុង ជម្រៅ០៥ ម៉ែត្រ ចាក់ប៊ីតុងតាំងពីបាតក្រោមរហូតដល់ចិញ្ចើមលើ ខ្នងអាងមានដាំស្មៅ និងមានរបងលួសបន្លាព័ទ្ធជុំវិញការពារសត្វគោក្របីទៀតផង។

លោក ចាន់ ភឺន ក្រុមប្រឹក្សាឃុំព្រៃមូលបានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ឲ្យដឹងថា តាំងនាមលោកតំណាងឲ្យប្រជាពលរដ្ឋនៅក្នុងឃុំព្រៃមូល ដែលមាន៧ភូមិ មានទឹកចិត្តរីករាយឥតឧបមា ដោយបានទទួលអាងស្តុកទឹកស្អាតមួយនេះ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទដែលជាជំនួយឥតសំណង របស់មិត្តចិនអាងស្តុកទឹកនេះ កសាងឡើងទៅតាមស្តង់ដារដែលប្រជាពលរដ្ឋអាចដងយកទៅប្រើប្រាស់បានជំនួសទឹកបរិសុទ្ធ ដោយមិនចាំបាច់ដាំចំអិនក៏អាចពិសាបានផងដែរ។

មិនតែប៉ុណ្ណោះ ដំណាលគ្នានេះផងដែរ នៅក្នុងឃុំព្រៃមូលរបស់លោកក៏ទទួលបានផ្លូវក្រាលកៅស៊ូមួយខ្សែ ពីរាជរដ្ឋាភិបាល ដែលមានចម្ងាយ០៩គីឡូម៉ែត្រ ឆ្លងកាត់មូលដ្ឋានរបស់លោក មកឡើងផ្លូវជាតិលេខ៥៣ ដែលបង្កការងាយស្រួលដល់ប្រជាពលរដ្ឋនៅក្នុងស្រុករលាប្អៀរទាំងមូល​ធ្វើដំណើរឆ្លងកាត់ទីនេះ និងដឹកកសិផលផ្សេងៗ តាមផ្លូវជាតិលេខ៥៣ ទៅកាន់រ៉ារមាស ដើម្បីដឹកកសិផលនានាតាមរថភ្លើង ទៅកាន់ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឬក្រុងប៉ោយប៉ែត បានយ៉ាងងាយស្រួល និងរហ័សទៀតផង។

ជួសមុខឱ្យប្រជាពលរដ្ឋនៅក្នុងឃុំព្រៃមូល លោកក៏សូមថ្លែងអំណរគុណ និងដឹងគុណដល់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលសម្ដេចកំពុងតែខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ពីស្រុកមួយទៅស្រុកមួយ បម្រើអោយវិស័យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលត្រូវការជាចាំបាច់ក្នុងការដឹកកសិផលផ្សេងៗដើម្បីកែប្រែជីវភាពការរស់នៅរបស់ពលរដ្ឋទូទាំងប្រទេស។

ក្នុងនាមលោកជាអាជ្ញាធរឃុំ លោកក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋាន ឲ្យយកចិត្តទុកដាក់ការពារកូវីដ-១៩ និងបានអប់រំដល់ពួកគាត់ អោយត្រូវចេះថែរក្សាអនាម័យដល់គ្រួសារនីមួយៗ ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវពាក់ម៉ាស លាងដៃនឹងអាកុល ឬសាប៊ូជាប្រចាំ នឹងរក្សាកម្លៀតពីគ្នាយ៉ាងតិច ឱ្យបានពីរម៉ែត្រ ពិសេសពេលចូលទៅក្នុងទីប្រជុំជនផ្សេងៗ ត្រូវពាក់ម៉ាស់ជាចាំបាច់ផងដែរ៕