(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពីការរៀបចំកម្មវិធី ប្រកួតប្រជែងផ្តល់រង្វាន់ មេដាយ និងបណ្ណសរសើរ ដល់អ្នកលេង Facebook ជុំវិញការបង្កើតវីដេអូបកស្រាយ អំពីប្រធានបទមួយចំនួន ដែលមានសារសំខាន់ក្នុងការកសាងសង្គម ។
ប្រធានបទទាំងនោះមានដូចជា ការគោរពច្បាប់ចរាចរណ៍ អំពើល្អចំពោះមនុស្សចាស់ជរា និងជនពិការ អំពើល្អចំពោះកុមារ និងស្រ្តីទន់ខ្សោយ ការជួយគ្នានៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ការចូលរួមរើសសំរាមសំអាតទីក្រុង និងតាមទីធ្លាសាធារណៈ ការទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន និងការឈប់ជក់បារីជាដើម។ល។ ដែលយុវជនអាចផ្ញើជាអត្ថបទ ឃ្លីបសម្លេង ឃ្លីបវីដេអូ រូបថត រូបគំនូរដើម្បីចូលរួម។
នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ បានលើកឡើងថា «យុវជនដែលទទួលបានការគាំទ្រច្រើនជាងគេ ពីមហាជនគឺនឹងទទួលរង្វាន់លើកទឹកចិត្តមានជា មេដាយ និងប័ណ្ណសរសើរពីនាយករដ្ឋមន្រ្តី។ កម្មវិធីនេះនឹងចាប់ផ្តើម នៅពេលឆាប់ៗខាងមុខនេះ។ សំរាប់ប្រធានបទជាក់លាក់ និងបែបបទនៃការប្រកួតប្រជែងនឹងជំរាបជូននៅពេលក្រោយ»។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវឱ្យយុវជនទាំងអស់ ចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីនេះឱ្យបានគ្រប់ៗគ្នា៕