(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅពេលបច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងឧបត្ថម្ភសាច់ប្រាក់ដល់កម្មករ ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ប្រមាណ១៧ម៉ឺននាក់ ក្នុងមួយខែ៤០ដុល្លារ គ្រាដែលរោងចក្រដែលពួកគេធ្វើការ ខ្លះបានព្យួរ និងផ្អាកការងារបណ្ដោះអាសន្នដោយសារជំងឺកូវីដ-១៩។
ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ក្រៅពីការឧបត្ថម្ភដល់កម្មករ រាជរដ្ឋាភិបាលក៏កំពុងផ្ដល់សាច់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងប្រឈមដោយសារជំងឺកូវីដ-១៩ផងដែរ។
បើតាមការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ ការផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ បានប្រមាណ៥២ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ប្រមាណ៩២ពាន់លានរៀល ស្មើនឹងប្រហែល២៣លានដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ជីវភាពបណ្ដោះអាសន្ននៅពេលនេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងបាននិងកំពុងដោះស្រាយឲ្យកម្មកររបស់យើងប្រមាណ១៧ម៉ឺននាក់ ដែលបាត់បង់ការងារធ្វើ នូវប្រាក់មួយចំនួនឲ្យពួកគេ គឺ៤០ដុល្លារក្នុងមួយខែ។ ក្រៅពីនោះ តួលេខត្រឹមម្សិលមិញ យើងបានផ្ដល់សាច់ប្រាក់ឲ្យប្រជាជនក្រីក្រ ចំនួនជាង៥២ម៉ឺនគ្រួសាររួចស្រេចទៅហើយ ក្នុងទំហំទឹកប្រាក់៩២ពាន់លានរៀល គឺ២៣លានដុល្លាររួចស្រេចទៅហើយ»។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងទៀតថា តាមការគ្រោងទុករបស់រាជរដ្ឋាភិបាល នឹងឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ រយៈពេល២ខែ ប៉ុន្ដែក្នុងអំឡុងពេលកូវីដ-១៩នេះ ប្រសិនបើមិនធូរស្រាលទេ នឹងបន្ដឧបត្ថម្ភចំនួន៤ខែ ខណៈលុយបានត្រៀមរហូតដល់១០ខែឯណោះ។
បើទោះបីរាជរដ្ឋាភិបាលបានគិតគូរក៏ពិតមែន តែសម្ដេចតេជោ ហ៊ុន សែន នៅបន្ដអំពាវនាវដល់កម្មករ កម្មការិនី ដែលត្រឡប់ពីប្រទេសថៃ ដោយសារបាត់បង់ការងារធ្វើ ត្រូវងាកមកចូលរួមក្នុងវិស័យកសិកម្ម ពោលត្រូវជំរុញវិស័យកសិកម្ម តាមរយៈការបង្កើតមុខរបរថ្មី ដូចជាការចិញ្ចឹមត្រី ឬជំនាញកសិកម្មផ្សេងៗជាច្រើនទៀត។
សូមជម្រាបថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញថវិកាជាតិ បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីដោះស្រាយការលំបាករបស់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរការងារដោយសារតែវិបត្តិបណ្តាលមកពីជំងឺកូវីដ១៩។ ដោយសារការសុំព្យួរការងារ មានរយៈពេលខុសៗគ្នា ការទទួលបានក៏ខុសៗគ្នា ការទទួលបានប្រាក់ឧបត្ថម្ភក៏ផ្សេងៗគ្នា អាស្រ័យលើការផ្តល់ឯកសារ និងព័ត៌មានគ្រប់របស់រោងចក្រសហគ្រាសនីមួយៗ៕