(ភ្នំពេញ)៖ កំលុងពេលជម្ងឺកូវីដ១៩ កំពុងតែរាតត្បាតលើពិភពលោក, អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា នៅតែបន្តសកម្មភាពក្នុងការចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋជាជនពិការខ្វះខាតដែលងាយរងគ្រោះចំនួន៥គ្រួសារ ស្ថិតនៅសង្កាត់ស្វាយប៉ាក។
សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះ បានរៀបចំធ្វើឡើងនៅមុនពេលក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ នាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកឧបត្ថម្ភជូន អតីតយុទ្ធជន ចំនួន៩គ្រួសារផ្សេងទៀត ស្ថិតនៅសង្កាត់ទួលសង្កែទី២ និងនៅក្រោយពីលោកអភិបាលខណ្ឌ ជា ពិសី ដឹកនាំក្រុមការងារចុះធ្វើអនាម័យសំអាតផ្លូវ និងដាក់គំគម្របលូ ចំនួន៣អណ្តូងលូ និង៣កន្លែងផ្សេងៗគ្នាបន្តទៀត ស្ថិតនៅលើផ្លូវលេខ៥៩៨ ខាងមុខភោជនីយដ្ឋាន (ឡាក់គីប្រាយ) សង្កាត់ច្រាំងចំរេះទី២, និងនៅខាងមុខដីតំបន់អភិវឌ្ឍន៍ប្ញស្សីកែវ សង្កាត់ទួលសង្កែទី២, ហើយនិងនៅខាងមុខដីឡូត៌លក់ផ្កា សង្កាត់គីឡូម៉ែត្រលេខ៦ បើគិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ។
សម្រាប់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ឯណេះវិញ, លោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា តំណាងអភិបាលខណ្ឌ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
ក្នុងនាមប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌ និងជាអភិបាលខណ្ឌ លោក ជា ពិសី បានក្រើនរំលឹកថា ជានិច្ចជាកាលសម្តេចតេជោ ហ៊ុន សែន តែងតែបានជំរុញដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅគ្រប់បណ្តារាជធានី-ខេត្តទាំងអស់ត្រូវចុះជួយ និងត្រួតពិនិត្យមើលការខ្វះខាតរបស់បង-ប្អូនអតីតយុទ្ធជនយើង ដែលបានរួមចំណែកក្នុងបុព្វហតុពាលីសាច់ស្រស់ ឈាមស្រស់ ដើម្បីសុខសន្តិភាព របស់ជាតិ មាតុភូមិ។
សូមជម្រាបថា ក្នុងសកម្មភាពនៃការឧបត្ថម្ភអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបង-ប្អូនអតីតយុទ្ធជន ៩គ្រួសារនេះដែរ ក៏មានការចូលរួមពីលោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, មេបញ្ជាការរងអាវុធហត្ថខណ្ឌ, តំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ, និងមន្ត្រីរាជការ អាជ្ញាធរសង្កាត់ ផងដែរ៕