(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានថ្លែងបញ្ជាក់ថា នៅថ្ងៃម្សិលមិញសម្តេចទើបបានបដិសេធសំណើរបស់ក្រុមហ៊ុនមួយ ដែលចង់នាំចូលជ្រូក១លានក្បាលមកកម្ពុជា ដែលការបដិសេធនេះ ត្រូវបានសម្តេចតេជោអះអាងថា ដើម្បីការពារកសិករចិញ្ចឹមក្នុងស្រុក។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើសម្តេចយល់ព្រមឲ្យមានការនាំចូលជ្រូក១លានក្បាលនេះ ស្មើនឹងសម្តេចសម្លាប់កសិកររបស់ខ្លួន ដែលកំពុងតែខិតខំចិញ្ចឹមជ្រូកយ៉ាងផុលផុស។
ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ច នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នា២០២០។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ពិតមែនហើយម្សិលមិញ មានសំណើក្រុមហ៊ុនមួយ ដែលបានបញ្ជូនមកខ្ញុំ ហើយខ្ញុំចារត្រឡប់ទៅឲ្យឯកឧត្តម វេង សាខុន និងពិភាក្សាជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ អំពីការស្នើសុំនាំចូលជ្រូករស់ពីថៃ១លានក្បាល ចូលក្នុងប្រទេសកម្ពុជា ហើយអាចផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជាហើយនាំទៅវៀតណាម។ ខ្ញុំគ្រាន់តែចារទៅឲ្យអ្នកបច្ចេកទេសសិក្សាទេ ប៉ុន្តែគំនិតរបស់ខ្ញុំ គឺកុំនាំចូលពីគេហើយសម្លាប់ការចិញ្ចឹមសត្វក្នុងប្រទេសរបស់ខ្លួន។ ខ្ញុំមិនយល់ស្របទេ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «បើសិនជាយើងត្រូវការនាំចូល យើងនាំចូលតែចំនួនដែលខ្វះ។ ឥឡូវយើងខ្វះ [ជ្រូក] ១៨ភាគយ បើយើងចិញ្ចឹមឲ្យគ្រប់ គឺយើងមិនចាំបាច់នាំចូលពីគេទៀតទេ ព្រោះបើទីផ្សារយើងគ្រប់ហើយ យើងចាំបាច់អីនាំចូលទៀត [...] បើខ្ញុំចារយល់ព្រមឲ្យក្រុមហ៊ុននោះនាំចូលជ្រូក១លានក្បាល ច្បាស់ណាស់ខ្ញុំសម្លាប់កសិករចិញ្ចឹមជ្រូកក្នុងស្រុកខ្មែរខ្លួនឯងម្តង ក្នុងពេលដែលខ្លួនដើរប្រកាសឲ្យកសិករចិញ្ចឹមជ្រូក»។
ជាមួយគ្នានេះ សម្តេចតេជោបានអំពាវនាវឲ្យដល់កសិករអ្នកចិញ្ចឹម ត្រូវខិតខំចិញ្ចឹមបំពេញតម្រូវការក្នុងប្រទេសឲ្យគ្រប់គ្រាន់ និងឈានដល់ការនាំចេញនៅពេលអនាគតផងដែរ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងបញ្ជាក់ប្រាប់ Fresh News ថា ក្នុងកំលុងពេលជួបប្រទះនឹងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា សន្ទុះនៃកំណើនការចិញ្ចឹមសត្វមានការកើនឡើងយ៉ាងខ្លាំង ពិសេសការចិញ្ចឹមជ្រូក ដោយទទួលបានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា និងមានតម្លៃសមរម្យអាចទទួលបានផលចំណេញ។
លោក ស្រ៊ុន ពៅ ថ្លែងថា «ការចិញ្ចឹមជ្រូកក្នុងពេលនេះវិញ គឺទទួលបានតម្លៃល្អណាស់ ដែលធ្វើឲ្យកសិករ, ក្រុមហ៊ុន និងកសិដ្ឋានទទួលយកបាន ដោយសារតម្លៃសមរម្យ និងចំណេញបានច្រើន។ ការចិញ្ចឹមជ្រូកនាពេលបច្ចុប្បន្ននេះ មានកំណើនការឡើង ដោយក្នុងមួយថ្ងៃ ដោយអាចផ្គត់ផ្គង់ចូលទីផ្សារបានប្រមាណ៥-៦ពាន់ក្បាល ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ»។
លោកបន្តថា បើសិនកម្ពុជាមិនជួបប្រទះនូវវិបត្តិជំងឺយាយីទេ រយៈពេលប្រមាណ២ឆ្នាំខាងមុខទៀត កម្ពុជានឹងមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ទីផ្សារសត្វជ្រូក ក្នុងស្រុកដោយខ្លួនឯង លែងពឹងផ្អែកលើការនាំចូលទៀតហើយ បើសន្ទុះនៃការចិញ្ចឹមកើនឡើង ហើយតម្លៃជ្រូកល្អដូចសព្វថ្ងៃ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មធ្លាប់បានបញ្ជាក់ថា ក្នុងមួយថ្ងៃៗកម្ពុជាមានតម្រូវការសត្វជ្រូកប្រមាណ១ម៉ឺនក្បាល ក្នុងនោះការចិញ្ចឹមក្នុងស្រុក គឺមានលទ្ធផលផ្គត់ផ្គង់រហូតដល់៥៨០០ក្បាលក្នុង១ថ្ងៃ ដោយអនុញ្ញាតឲ្យមានការនាំចូលពី៦ពាន់-៧ពាន់ក្បាល៕