(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា គិតត្រឹម១ឆ្នាំចុងក្រោយមកនេះ កងរាជអាវុធហត្ថបានស្រាវជ្រាវ និងបង្ក្រាបបទល្មើសចំនួន ២,៨៣៧លើក រកឃើញសង្ស័យចំនួន ៤,៣៤៥នាក់ ឃាត់ខ្លួនជនដែលសង្ស័យប្រព្រឹត្តបទល្មើសចំនួន ៣,៩៨១នាក់ និងចាប់យកវត្ថុតាងជាច្រើនបញ្ជូនទៅតុលាការ។

ការបញ្ជាក់បែបនេះរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើឡើងនៅក្នុងឱកាសប្រារព្ធខួបលើកទី២៧ ទិវាបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២០) និងការបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការ នៃវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។

បើតាមនាយឧត្តមសេនីយ៍ សៅ សុខា គិត១ឆ្នាំចុងក្រោយមកនេះដែរ កងរាជអាវុធហត្ថបានសម្រេចការងារលើប្រតិបត្តិការបទល្មើសរួមមាន៖

*បញ្ជូនទៅមណ្ឌលកែប្រែចំនួន២៣៦នាក់
*ជនដែលគ្មានការពាក់ព័ន្ធចំនួន១២៨នាក់ ឱ្យវិលទៅលំនៅឋានវិញ
*ទទួលបណ្តឹងចំនួន ២២៩បណ្តឹង
*បានចាត់ការបណ្តឹងចំនួន ១២៩បណ្តឹង
*នៅសល់១០០បណ្តឹង កំពុងបន្តតាមនីតិវិធី
*ទទួលដីកាចំនួន ៥,០១២ដីកា
*បានអនុវត្តដីកាចំនួន២,៧៦៩ដីកា
*នៅសល់ ២,២៤៣ដីកា កំពុងអនុវត្តបន្តតាមនីតិវិធី។

ដោយឡែកការងារគ្រប់គ្រងសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈវិញរួមមាន៖

*បានការពារសន្តិសុខសណ្តាប់ធ្នាប់ ទាំងដោយផ្ទាល់ និងប្រយោលជូនដល់គណៈប្រតិភូជាតិ-អន្តរជាតិ កិច្ចប្រជុំតូច-ធំ ពិធីសម្ពោធសមិទ្ធផលនានារបស់ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ពិធីបុណ្យផ្សេងៗ និងបានចូលរួមសកម្មភាព ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ-១៩ សរុបចំនួន ១២៨,៨៨០លើក។

*បានចូលរួមធ្វើសកម្មភាពជួយសង្គ្រោះចំនួន ៦,៣៣២លើក មានជាអាទិ៍៖ ជួយប្រជាពលរដ្ឋគ្រោះថ្នាក់ចរាចរ ខ្យល់កន្ត្រាក់ រន្ទះបាញ់ អគ្គីភ័យ ជំនន់ទឹកភ្លៀង បាក់រលំអគារ បាក់សាលាឆាន់ បាក់ឃ្លាំង និងករណីផ្សេងៗ។ ជួយដឹកសាកសពទៅកាន់លំនៅឋានចំនួន ៥២សព។

*បានធ្វើការត្រួតពិនិត្យសណ្តាប់ធ្នាប់កងទ័ពនៅតាមទីសាធារណៈជាលទ្ធផល ត្រួតពិនិត្យអាវុធឆ្លងកាត់ចំនួន ១៥២ដើម។ កែសម្រួលឯកសណ្ឋានយោធិន ១០៣នាក់ (យោធិន ៧៥ នាក់ ស៊ីវិល ២៨នាក់) ដកហូតខោអាវ ៥៧សម្រាប់។ ត្រួតពិនិត្យរថយន្តស្លាក លេខ ខ.ម. ចំនួន ៨៨៦គ្រឿង (ហួសសុពលភាព ១គ្រឿង ខ្វះឯកសារ ១៧គ្រឿង) និងបកស្កុតខ្មៅលើកញ្ចក់រថយន្ត ចំនួន ៤៧គ្រឿង។

*បានសហការពង្រឹងការអនុវត្តចាប់ និងបទបញ្ជា ធ្វើសកម្មភាពចំនួន ២៤.៤៥៥លើក ក្នុងនោះ៖ សហការជាមួយនគរបាលជាតិ, ស្ថាប័ន្ធពន្ធដា, គយនិងរដ្ឋាករ, រដ្ឋបាលព្រៃឈើ, អង្គការ អភិរក្សសត្វព្រៃ អភិរក្សដែនជីវចម្រុះ, ក្រសួងសាធារណការនិងដឹកជញ្ជូន, រដ្ឋបាល ជលផល, ក្រសួង កសិកម្ម, ក្រសួងបរិស្ថាន, សុរិយោដី, រ៉ែថែមពល, មន្ទីរវប្បធម៌, អង្គការស៊ីម៉ាក់, ក្រសួងសុខាភិបាល, ក្រសួងធនធានទឹក និងមន្ទីរឧស្សាហកម្ម។ បានឃាត់ខ្លួនជនសង្ស័យចំនួន ២,១៤៨នាក់ និងវត្ថុតាងបញ្ជូនទៅតាមនីតិវិធី។

*លើសពីនេះទៅទៀតបានអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល និងពង្រឹងការអនុវត្តច្បាប់ គឺបង្ក្រាបបទល្មើសព្រៃចំនួន ១,២០៩លើក រឹបអូសឈើចម្រុះសរុបចំនួន ១០.០២៥,៦៦៨ ម៉ែត្រត្រីគុណ ឈើទាំងនេះត្រូវបានដេញ ថ្លៃប្រមូលថវិកាជូនជាតិ។ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន ១៥៤នាក់ ដកហូតមធ្យោបាយ និងវត្ថុតាងបញ្ជូនតាមនីតិវិធី។ បានអនុវត្តវិធានការបំផ្លាញចោលដោយ បំផ្ទុះ និងដុតកម្ទេចចោលរថយន្តបាកុងចំនួន ១៤៩គ្រឿង។ បានបង្ក្រាបបទល្មើសសត្វព្រៃចំនួន ១៤លើក, បង្ក្រាបបទល្មើសទន្ទ្រានយកដីរដ្ឋចំនួន ១១១លើក, បង្ក្រាបបទល្មើសរ៉ែចំនួន ២៣លើក និងបង្ក្រាបបទល្មើសនេសាទចំនួន ១២៩លើក។ ជនសង្ស័យពាក់ព័ន្ធ និងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។

*ទន្ទឹមនឹងនោះ បានធ្វើការងារចុះជួយមូលដ្ឋាន ដោយបានធ្វើការអប់រំអំពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព, ធ្វើការផ្សព្វ ផ្សាយពីផលប៉ះពាល់ដោយសារគ្រឿងញៀនផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និស្សិត និងយោធិន នៅតាមបណ្តារាជធានី-ខេត្ត ចំនួន ៨៨១លើក ព្រមទាំងបានជួយសាងសង់សំណង់រួមចំនួន ៤ខ្នង ក្នុងនោះមានវិស័យពុទ្ធិចក្រ ចំនួន៣ខ្នង អាណាចក្រចំនួន ១ខ្នង។
*ធ្វើរបងមន្ទីរពេទ្យបង្អែកស្រុករមាសហែក
*បានជួយឧបត្ថម្ភជាសម្ភារៈ ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។
*បានធ្វើចលនាកៀរគរ បំពាក់អំពូលភ្លើងបំភ្លឺតាមដងផ្លូវទីប្រជុំជនស្រុក មណ្ឌលសុខភាពឃុំ ប៉ុស្តិ៍នគរបាល ក្នុងភូមិសាស្ត្រ ស្រុករមាសហែក ចំនួន ៣០០បង្គោល និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថបានបរិច្ចាគ ដោយស្ម័គ្រចិត្តនូវប្រាក់បៀវត្សមួយ ចំនួនជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ចំនួន១,៥៥០នាក់ ស្មើរ៤២៥,៦៩៥,០០០រៀល។
*ចូលបច្ច័យបុណ្យ កសាងវត្ត ចំនួន ២៥វត្ត ចំណាយថវិកា ១០០,៥៨០,០០០រៀល។
*ចូលរួមវិភាគកាកបាទក្រហមខេត្តស្វាយរៀង ចំនួន ១២៩,៦៥០,០០០រៀល និង១២៦,០៧២ដុល្លារ។ល។
*ជួយរុះរើ និងសាងសង់ផ្ទះប្រជាពលរដ្ឋបានចំនួន ៣០៧ខ្នង។
*ជួយដឹកទឹកចែកជូនប្រជាពលរដ្ឋ ចំនួន ១៥,០០០លីត្រ និងឧបត្ថម្ភថវិកាជូនគ្រួសារប្រជាពលរដ្ឋទាល់ក្រ និងរងគ្រោះផ្សេងៗចំនួន ៣,០៥២គ្រួសារ ចំណាយទឹកប្រាក់ចំនួន ៣០៩,៥៧២,០០០រៀល អង្ករ៩៩,២៦៤គីឡូក្រាម និងសម្ភារមួយចំនួនទៀត។
*បានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ៥៥២នាក់ បញ្ជូនទៅមន្ទីរពេទ្យចំនួន ១៤៤នាក់។
*បានចូលបុណ្យសព ប្រជាពលរដ្ឋចំនួន ១៩៧សព ចំណាយថវិកា ១១៣,៤៩៨,០០០រៀល អង្ករ ៣,៣៧៧គីឡូក្រាម
*បរិច្ចាគឈាមជូនមន្ទីរពេទ្យចំនួន ១១១នាក់។ បានស្តារនីតិសម្បទា ចំពោះអ្នកញៀនគ្រឿងញៀនឱ្យវិលទៅលំនៅឋានចំនួន៥៧០នាក់ និងកំពុងបន្តចំនួន ១៧២នាក់ មាននៅមណ្ឌលខេត្តបន្ទាយមានជ័យ មណ្ឌលខេត្តបាត់ដំបង មណ្ឌលខេត្តព្រះសីហនុ។

នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា កងរាជអាវុធហត្ថ ត្រូវបានបង្កើតជាលើកដំបូង នៅឆ្នាំ១៩៥៧ ដែលមានឈ្មោះថា «កងរាជអាវុធហត្ថខ្មែរ» ដល់ឆ្នាំ១៩៧១ ត្រូវបានប្តូរឈ្មោះជា «កងអាវុធហត្ថជាតិ» ស្ថាប័នសន្តិសុខមួយនេះ ត្រូវបានលុបបំបាត់ចោលចាប់ពីថ្ងៃទី១៧-មេសា-១៩៧៥ ហើយបុគ្គលិក នៃស្ថាប័ននេះ គឺត្រូវបានកំណត់ជាមុខសញ្ញាដែលត្រូវកម្ទេចផងដែរ។ នៅឆ្នាំ១៩៩៣ «កងអាវុធហត្ថ» ត្រូវបានបង្កើតសាជាថ្មីឡើងវិញ។ នោះបើតាមក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតរចនាសម្ពន្ធចាត់តាំងអគ្គសេនាធិការដ្ឋាន នៃកងទ័ពជាតិកម្ពុជា នៅក្នុងរចនាសម្ពន្ធចាត់តាំងមានកងអាវុធហត្ថផងដែរ។ ចាប់ពីពេលនោះមក កងរាជអាវុធហត្ថបានសម្រេចយកថ្ងៃទី១៤ ខែកក្កដា ជាទិវាកងរាជអាវុធហត្ថ ឬជាថ្ងៃបង្កើតកងរាជអាវុធហត្ថ។ គិតមកដល់ថ្ងៃនេះកងរាជអាវុធហត្ថកើតបាន៩.៨៥៥ថ្ងៃ ស្មើនឹង២៧ឆ្នាំគត់។

លោកថា កងរាជអាវុធហត្ថមានតួនាទី ភារកិច្ចស្នូល គឺបង្ការ និងបង្ក្រាបមានវិសាលភាពលើផ្ទៃប្រទេសទាំងមូល មានបេសកកម្មរ៉ាប់រងសកម្មភាពជាប៉ូលិសរដ្ឋបាល ប៉ូលិស តុលាការ និងតម្រួតយោធា។ រួមចំណែកទទួលខុសត្រូវស្រាវជ្រាវ និងបង្ក្រាបបទលើ្មស ក្នុង ក្របខ័ណ្ឌច្បាប់ទៅលើជនស៊ីវិល និងកងទ័ព នោះបើតាមអនុក្រឹត្យលេខ៧៧ ចុះថ្ងៃទី២១-ធ្នូ-១៩៩៤ និងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕