(កណ្ដាល)៖ ស្ត្រីជាតៃកុងឡានម្នាក់បានរបួសបាក់ជើង និងស្ត្រីរួមដំណើរម្នាក់ទៀតក៏របួសកជើងដូចគ្នា ក្រោយជិះឡានក្នុងល្បឿនលឿនហួសកំណត់ ខណៈដល់ ផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកផ្ទះគេ និងបានបន្តបុកឡានគេ៣គ្រឿងបន្ថែមទៀត បណ្ដាលឱ្យខូចខាតសម្ភារៈរបស់គេយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២៖៣០នាទីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចខាងមុខផ្ទះលោក សៀក ប៊ុនលី លើផ្លូវជាតិលេខ២ ស្ថិតនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
នគរបាលបានឲ្យដឹងថា រថយន្តបង្ករម៉ាក TOYOTA CAMRY ពណ៌ស អ្នកបើករថយន្តមិនទាន់ស្គាល់ឈ្មោះ ភេទស្រី (រងរបួសបាក់ភ្លៅខាងឆ្វេង ត្រូវបានបងប្អូនយកទៅព្យាបាលនៅមន្ទីរពេទ្យដោយខ្លួនឯង)។
ប្រភពបន្តថា រថយន្តនេះបានបើកក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកចូលផ្ទះលោក សៀក ប៊ុនលី រួចរថយន្តបង្កបានខ្ទៀតបន្ត ទៅបុករថយន្ត០៣គ្រឿងថែមទៀត ដែលចតនៅខាងមុខយានដ្ឋានជួសជុលរថយន្ត សេង ហុង ដែលមានរថយន្តម៉ាក starex , រថយន្តម៉ាក RAV 4, រថយន្តម៉ាក Land cruiser។ ខូតខាត រថយន្ត០៤ គ្រឿង(ធ្ងន់០១គ្រឿង) និងទ្វាផ្ទះ(ទ្វាដែក រូត) ប្រវែង ០៨ម៉ែត្រ។
ករណីនេះ នគរបាលបានយកមធ្យោបាយដែលពាក់ព័ន្ធទៅរក្សាទុកបណ្ដោះ អាសន្ននៅអធិការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធី ៕