(ភ្នំពេញ)៖ ដើម្បីជាការប៉ះប៉ូវចំពោះការមិនអនុញ្ញាតឱ្យឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កាលពីខែមេសាកន្លងទៅនោះ នៅពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាកសងវិញចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។
ការប្រកាសនេះ បានធ្វើឡើង នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីក៏ដូចជាសំណេះសំណាលជាមួយ ប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានចេញអនុក្រឹត្យសម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយអំឡុងពេលនោះមន្រ្តីរាជការ កម្មករនិយោជិត ត្រូវបំពេញការងារជាធម្មតា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលមានការព្រួយបារម្ភថា អំឡុងពេលចូលឆ្នាំថ្មីនោះ បើសិនជាមានការអនុញ្ញាតឱ្យឈប់សម្រាក ពលរដ្ឋខ្មែរនឹងមានឱកាសជួបជុំគ្នាទទួលទានផ្សេងៗ ដែលងាយនឹងចម្លងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវនៅលើពិភពលោក ខណៈអំឡុងពេលនោះ កម្ពុជាទើបបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១៧ករណី ដែលភាគច្រើនជាករណីនាំចូល ប៉ុន្តែមិនទាន់ឆ្លងដល់សហគមន៍នៅឡើយ។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក៏បានប្រកាសដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងប៉ះប៉ូវនូវថ្ងៃឈប់សម្រាកជូនមន្រ្តីរាជការ កម្មករនិយោជិតឡើងវិញ នៅពេលវេលាមួយសមស្រប។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជា បានរកឃើញករណីកូវីដ១៩ នៅទូទាំងប្រទេស សរុបចំនួន ១៤១នាក់ (ស្ត្រី ៤០នាក់ និងបុរស ១០១នាក់) ក្នុងនោះមានអ្នកជំងឺ ១៣៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ (ស្មើនឹង ៩៤.៣៣% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) ខណៈដែល៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល នៅតែអំពាវនាវឱ្យពលរដ្ឋបន្តមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ និងទប់ស្កាត់រលកទី២ នៃការរីករាលដាលជំងឺកូវីដ១៩៕