(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកើតចេញពីត្រកូលអ្នកស្រែចម្ការស្ថិតតាមដងទន្លេមេគង្គ គឺជាមេដឹកនាំមួយរូបយកចិត្តទុកដាក់ខ្ពស់បំផុតលើវិស័យកសិកម្ម។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ ក៏ជាអ្នកដែលបានដឹកនាំប្រទេសកម្ពុជា ចេញពីប្រទេសខ្វះស្បៀងអាហារ រហូតក្លាយទៅជាប្រទេសសល់ស្រូវអង្កររាប់លានតោននាពេលបច្ចុប្បន្ន។
ក្នុងពេលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកជួបនូវវិបត្តិនៃជំងឺកូវីដ១៩ វិស័យកសិកម្មត្រូវបានរាជរដ្ឋាភិបាលមើលឃើញជាឱកាសដ៏សំខាន់មួយសម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ច ដោះស្រាយបញ្ហាអត់ការងាររបស់ប្រជាពលរដ្ឋ និងជួយដោះស្រាយការលំបាកក្នុងជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ ឱ្យប្រែក្លាយបញ្ហាបង្កដោយជំងឺកូវីដ១៩នេះ ទៅជាឱកាសមួយសម្រាប់ការកែប្រែ និងអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។
ដំណើរអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ និងទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅក្នុងភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ចម្ងាយជិត ១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ត្រូវបានចាត់ទុកជាការរួមចំណែកមួយទៀត ក្នុងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។ ជាពិសេសនៅក្នុងកំលុងពេលនៃវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩នេះ។
ក្នុងបទសម្ភាសន៍ជាមួយ Fresh News នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានហៅវត្តមានរបស់សម្តេចតេជោ ចុះទៅកាន់ខេត្តព្រៃវែងនេះ ជាសក្ខីភាពមួយឆ្លុះបញ្ចាំងឱ្យយ៉ាងច្បាស់អំពីការអបអរសាទរទិវា «មច្ឆជាតិ ១ កក្កដា និងរុក្ខទិវា ៩ កក្កដា» ដែលកម្ពុជាពុំបានប្រារព្ធធ្វើនៅឆ្នាំនេះ ព្រោះតែជំងឺកូវីដ១៩។
លោក វេង សាខុន បានមើលឃើញជាពិសេសទៀតថា ដំណើរទស្សនកិច្ច និងសំណេះសំណាលជាមួយកសិកររបស់សម្តេចតេជោនៅពេលនេះ ជាសកម្មភាពមួយជួយបំផុសចលនាដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាកសិករឱ្យធ្វើការដាំដុះដំណាំស្បៀងតាមគោលការណ៍អភិវឌ្ឍន៍បៃតង ការចិញ្ចឹមសត្វ និងវារីវប្បធម្មឱ្យបានសកម្មនៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជាកំពុងមានការអភិវឌ្ឍពីប្រទេសពឹងផ្អែកលើវិស័យកសិកម្ម ទៅជាកសិ-ឧស្សាហកម្មវិញនេះ។
លោក វេង សាខុន ក៏ឆ្លៀតបង្ហាញផងដែរពីប្រវត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបនេះ។ លោក វេង សាខុន បានឱ្យដឹងថា មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៨ ដោយដាក់ឈ្មោះថា «ស្ថានីយ៍ផលិតកូនត្រីពូជ»។ មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងដោយរដ្ឋបាលជលផល សហការជាមួយអង្គការប៉ាដិក លើផ្ទៃដី១៦ហិកតា។
លុះដល់ឆ្នាំ២០០៨ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្តូរឈ្មោះ និងបង្កើតទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរហូតមកដល់ពេលបច្ចុប្បន្ន។ មជ្ឈមណ្ឌលនេះ មានតួនាទី និងសកម្មភាពសំខាន់ៗលើការងារស្រាវជ្រាវ ការងារផលិតពូជត្រី ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវារីវប្បកម្មជាដើម។
មជ្ឈមណ្ឌលនេះ បានផលិតពូជត្រីរាប់លានកូនជារៀងរាល់ឆ្នាំ ដូចជាត្រីឆ្ពិន ត្រីប្រា ត្រីអណ្តែង ត្រីទីឡាព្យ៉ា កង្កែប បង្កង និងប្រភេទត្រីកាបមួយចំនួនទៀត សម្រាប់ចែកដល់កសិករចិញ្ចឹមទូទាំងប្រទេស និងលែងចូលក្នុងដែនទឹកសាធារណៈ ស្រះជម្រកត្រីសហគមន៍ ដើម្បីបង្កើនទាំងប្រភេទ និងបរិមាណពូជត្រីក្នុងស្រុកផង។
សូមបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យមួយដ៏សំខាន់របស់កម្ពុជា ហើយរាជរដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ខ្ពស់លើវិស័យនេះ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងទៅ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២០.៨% នៃផលិតផលក្នុងស្រុកសរុប។ ក្នុងនោះផ្នែកដំណាំបានចូលរួម ៥៧.៦៧% ផ្នែកផលិតកម្មសត្វ ១១.១១% ផ្នែកជលផល ២៤.៣០% និងផ្នែកព្រៃឈើ ៦.៩១%។
រីឯការនាំចេញផលិតផលកសិកម្មសរុបបានកើនឡើងពី ៤.១៦លានតោននៅឆ្នាំ២០១៥ ដល់ ៤.៨៨លានតោននៅឆ្នាំ២០១៩ ស្មើនឹង ១៧,៣%។ បរិមាណអង្ករនាំចេញផ្លូវការបានកើនពី ៥៣៨ពាន់តោនដល់ជាង ៦២០ពាន់តោនក្នុងឆ្នាំ២០១៩ គិតជាមធ្យមក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះគឺមានកំណើន ប្រមាណ ១៥.២៤%។ ក្នុងឆមាសទី១ឆ្នាំ២០២០នេះ បរិមាណនាំចេញអង្ករបានចំនួន ៤០២,៤២៤ តោន និងនាំចេញទៅកាន់ទិសដៅចំនួន ៥៦ប្រទេស ដោយក្រុមហ៊ុនឯកជនចំនួន ៦៦ក្រុមហ៊ុន។
គិតមកដល់ឆ្នាំ២០២០ នេះ ក្រសួងបានបង្កើតសហគមន៍កសិកម្មបានចំនួន ១១៩០សហគមន៍ ក្នុងនោះ ១៦៥សហគមន៍ បានធ្វើអាជីវកម្មចុះកិច្ច-សន្យាផលិតកម្មជាមួយវិស័យឯកជន។
រីឯការនាំចេញផលិតផលកសិកម្មផ្សេងៗ ទៅក្រៅប្រទេសក៏មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ផងដែរទាំងផ្លូវការ និងក្រៅផ្លូវការមានចំនួនជាង ៤លានតោន។ ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ផលិតកម្មសត្វសម្រេចបានចំនួន ៤៥,៨៥ លានក្បាល គឺកើនលើសឆ្នាំមុនចំនួន ៣.៣% ដែលធ្វើឱ្យកម្ពុជាមានសមត្ថភាពផលិតសាច់សម្រាប់បម្រើតម្រូវការក្នុងស្រុកបានប្រមាណ ២៣៩ពាន់តោន ឬស្មើនឹង ៨២% នៃតម្រូវការសាច់សរុបប្រមាណ ២៩០ពាន់តោនក្នុងមួយឆ្នាំ។
ការចិញ្ចឹមសត្វលក្ខណៈ ពាណិជ្ជកម្មមានការកើនឡើង ៣៧% ធៀបនឹងឆ្នាំមុន គឺដោយសារអ្នកចិញ្ចឹមមានការផ្លាស់ប្តូរឥរិយាបថពីការចិញ្ចឹមតាមបែបធម្មជាតិ មកចិញ្ចឹមតាមបែបពាណិជ្ជកម្មដែលធ្វើឱ្យមានកំណើនប្រាក់ចំណូលខ្ពស់។
ទាក់ទៅនឹងការគ្រប់គ្រងធនធានជលផល និងការអភិវឌ្ឍវារីវប្បកម្ម នៅក្នុងឆ្នាំ២០១៩ រហូតមកទល់ពេលនេះ ក្រសួងបានបង្កើតសហគមន៍នេសាទចំនួន ៥១៦ សហគមន៍ ក្នុងនោះសហគមន៍នេសាទទឹកសាបចំនួន ៤៧៥ និងសហគមន៍នេសាទសមុទ្រចំនួន ៤១សហគមន៍។
កន្លែងអភិរក្សជលផលសរុបទូទាំងប្រទេសមានចំនួន ៦៧៧កន្លែង បង្កើតស្រះជម្រកត្រីសហគមន៍បានចំនួន ៨៩៥កន្លែង បង្កើតកន្លែងបង្កាត់ភ្ញាស់ត្រីនៅទូទាំងប្រទេស បានចំនួន ៣០៩កន្លែង ក្នុងនោះមាន ២៦៩កន្លែងជារបស់កសិករទូទាំងប្រទេស។
ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ផលនេសាទទឹកសាបសម្រេចបាន៖ (១) ដាយត្រីបានចំនួន ១,៥០០តោន (២) នេសាទគ្រួសារក្នុងដែននេ សាទអនុវត្តបានចំនួន ១៣២,៩៥០តោន ស្មើនឹង ៣៨,៥% នៃផែនការ (៣) នេសាទគ្រួសារតាមវាលស្រែអនុវត្ត បានចំនួន ៣០,៧៨០ តោន ស្មើនឹង២១% នៃផែនការ នេសាទសមុទ្រអនុវត្តបានចំនួន ៥៧,១៦០តោន ស្មើនឹង ៥២% នៃផែនការ។
បច្ចុប្បន្ននេះ ចំនួនគ្រួសារធ្វើវារីវប្បកម្មសរុបទូទាំងប្រទេសមានចំនួន ៤៦,០០០គ្រួសារ។ ក្នុងនោះគ្រួសារសរុបដែលធ្វើវារីវប្បកម្មវារីសត្វក្នុងស្រះមានចំនួន ៤១,៩៣៩គ្រួសារ ស្មើនឹង ៩០%។ រីឯចំនួនគ្រួសារដែលធ្វើវារីវប្បកម្មវារីសត្វនៅក្នុងបែមានចំនួន ៤,០៦១គ្រួសារ ស្មើនឹង ១០%។ ទន្ទឹមនឹងនេះ ក្រសួង បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បង្ក្រាបបទល្មើសជលផល ដោយសម្រេចបាន ៣,១០១ករណី ប្រៀបធៀបឆ្នាំមុនថយចុះចំនួន ១០៣ករណី៕