(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ សាលាខេត្តកំពង់ធំ។

នាកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី ថោង ខុន បានផ្ដល់អនុសាសន៍មួយចំនួនដល់ក្រុមការងារថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបន្តដំណើរការអនុវត្តការងាររបស់ក្រុមការងារថ្នាក់ជាតិឲ្យបានរលូន មានប្រសិទ្ធភាព និងនិរន្តរភាព ក្នុងនោះរួមមាន៖

១៖ បន្តអនុវត្តតាមការណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្តីពីការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ពិសេសនៅខេត្តកំពង់ធំ។

២៖ អនុវត្តឲ្យបានមុឺងម៉ាត់តាមស្មារតីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការឆ្វៀលដីគម្របព្រៃឈើ ឬតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋជូនប្រជាពលរដ្ឋដែលបាននិងកំពុងកាន់កាប់អាស្រ័យផលជាក់ស្តែង។

៣៖ បន្តចុះអន្តរាគមន៍ដោះស្រាយទឹក និងបូមទឹកបន្ទាន់ ដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋនៅតំបន់ដែលកំពុងរងផលប៉ះពាល់ដោយខ្វះទឹកខ្លាំង។

៤៖ បន្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព និងតម្លាភាព។

៥៖ អនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការជំរុញទប់ស្កាត់ការកាប់ទន្ទ្រានយកដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិតាមខេត្តនានា។

៦៖ បន្តខិតខំលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវ មានតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។

៧៖ ពង្រឹងការគ្រប់គ្រង និងការចាត់ចែងការងាររបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌឲ្យកាន់តែមានប្រសិទ្ធភាព (យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃលេខ ១៦២២ សជណ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០)។

៨៖ បន្តខិតខំពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។

៩៖ បន្តចុះពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ។

នារសៀលថ្ងៃដដែល លោក ថោង ខុន ក៏បានបន្តដឹកនាំកិច្បប្រជុំចង្អៀតជាមួយរដ្ឋបាលខេត្ត និងក្រសួងជំនាញពាក់ព័ន្ធ ដូចជាក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិនិត្យ និងរៀបចំផែនការសកម្មភាពការងារក្នុងការអនុវត្តស្មារតីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការឆ្វៀលដីគម្របព្រៃឈើ ឬតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋជូនប្រជាពលរដ្ឋដែលបាននិងកំពុងកាន់កាប់អាស្រ័យផលជាកស្តែង។

អង្គប្រជុំបានឯកភាពគ្នាប្រើប្រាស់យន្តការក្រុមការងារចម្រុះថ្នាក់ខេត្ត និងថ្នាក់ក្រសួងជំនាញ ដើម្បីដឹកនាំអនុវត្តការងារនេះ ដោយចាប់ផ្តើមចេញដំណើរពីការងារផ្នែកជំនាញរបស់ក្រសួងបរិស្ថានមុនគេ គឺការងារឆ្វៀលដីនៅតំបន់អភិរក្សសត្វខ្សិបនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ៕