(ពោធិ៍សាត់)៖ សមត្ថកិច្ចខេត្តពោធិ៍សាត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ ពាក់ព័ន្ធករណីបង្ហោះលក់ដីរដ្ឋ ដោយខុសច្បាប់ ដែលបានផ្ទេរពី​សម្បទាន​សេដ្ឋកិច្ច មកសង្គមកិច្ច គ្រោងនឹងចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត​ដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាប នៅចំណុចដំបូង១០០ ក្នុងភូមិដំបូង១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រតិបតិ្តការណ៍ខាងលើ ធ្វើឡើងនាវេលាម៉ោង ០១៖១៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដែលដឹកនាំដោយលោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយបានការចង្អុលបង្ហាញពីលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងដោយបានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអាយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង៥នាក់នោះ មានទីលំនៅឯខេត្តកំពង់ឆ្នាំង រួមមាន៖

ទី១. ឈ្មោះ អ៊ឹម ទិត្យ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ទី២. ឈ្មោះ អ៊ឹម ចាន់ថន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
ទី៣. ឈ្មោះ ឈិត វីរៈ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ទី៤. ឈ្មោះ ទីវ សុជា ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
និងទី៥. ឈ្មោះអ៊ុ សារី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទាំង០៥នាក់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទឆបោក និងប្រកាសលក់ដីរដ្ឋ ដោយខុសច្បាប់ តាមរយៈការបង្ហោះសារក្នុងបណ្តាញសង្គម Facebook លើគណនីឈ្មោះ ឈិត វីរៈ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ចាត់ការតាមផ្លូវច្បាប់៕