(កំពត)៖ ចៅក្រមនៃសាលាដំបូងខេត្តកំពត បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជនសង្ស័យចំនួន០២នាក់ពីបទ "រក្សាទុក ជួញដូរ និងប្រើប្រាស់ គ្រឿងញៀន" នៅរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ។
មន្រ្តីនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពត បានប្រាប់អង្គភាព Fresh News ថា កម្លាំងនគរបាលនៃការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានចុះឃាត់ខ្លួន មុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀន ចំនួន០២នាក់ នាំយកមកកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ កាលពីវេលាម៉ោង១២៖៣០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
វត្ថុតាងរឹបអូសបានរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១១កញ្ចប់តូច ទម្ងន់៣,៥០ក្រាម, ដាវកែឆ្នៃ១, កន្ត្រៃ២ និងសំភារៈពាក់ព័ន្ធមួយចំនួន។ ជនសង្ស័យ ទី១- ឈ្មោះម៉ម នួន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិ ឃុំកន្លែងឃាត់ខ្លួនខាងលើ និងទី២- ឈ្មោះទែន ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នាដែរ៕