(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ស្ត្រីមានផ្ទៃពោះ កុមារក្រោមអាយុ២ឆ្នាំ និងគ្រួសារក្រីក្រ ងាយរងគ្រោះ ក្នុងអំឡុងជំងឺកូវីដ១៩ ក្នុងខេត្តត្បូងឃ្មុំ។
ក្នុងពិធីសំណេះសំណាល បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងអភិបាលរងខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុកក្រុងទាំង៧ ឃុំ សង្កាត់ ជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី វង សូត បានលើកឡើងថា ដើម្បីធានានិរន្ដរភាពក្នុងការទទួលអត្ថប្រយោជន៍របស់អ្នកទទួលផល នៅក្នុងស្ថានភាពលំបាក ឬគ្រោះអាសន្ន ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នើឲ្យអភិបាលរាជធានី-ខេត្ត ជួយជំរុញដល់រដ្ឋបាលឃុំ-សង្កាត់ ចូលរួមអនុវត្តវិធានការឆ្លើយតបទៅនឹងគ្រោះអាសន្ន ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ រួមមាន៖ ការបង្កើនកិច្ចសហការជាមួយមន្ទីរ/អង្គភាពពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយអំពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តកិច្ចការនេះ ឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
រដ្ឋមន្ត្រី ក៏បានជំរុញដល់អាជ្ញាធរភូមិ/ឃុំ ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែមទៀត ចំពោះសុខទុក្ខ និងតម្រូវការរបស់គ្រួសារក្រីក្រ ពិសេសត្រូវចុះដល់ខ្នងផ្ទះ និងសិក្សាថា តើគ្រួសារណាខ្លះដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីក្រុមការងារជួយពួកគាត់បានទាន់វេលា និងចំគោលដៅ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ខេត្តត្បូងឃ្មុំ មាន៖ ០១ក្រុង ០៦ស្រុក ២សង្កាត់ ៦២ឃុំ ៨៧៣ភូមិ និងមានប្រជាពលរដ្ឋសរុបប្រមាណ ៨៥៧.៩០០នាក់។
លោកបានបន្តថា លទ្ធផលការងារសម្រេចបាននានា ជាលទ្ធផលនៃការអនុវត្តកម្មវិធីសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ និងឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំក្នុងខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ មានដូចជា ការឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ១៩ ចំនួន៣០.៦៣៥គ្រួសារ (ក្រ១ ចំនួន១០.៦២២គ្រួសារ និងក្រ២ ចំនួន២០.០១៣គ្រួសារ) សរុបថវិកាចំណាយប្រមាណ ៥.៣០៤លានរៀល ស្មើនឹង៩០.៩១%។
ដោយឡែក ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ បានអនុវត្តបានចំនួន ១.៩៤៦នាក់ ក្នុងនោះប័ណ្ណសមធម៌ចំនួន១.៨១៤ប័ណ្ណ និងប័ណ្ណអទិភាពចំនួន១៣២ប័ណ្ណ ក្នុងអនុវត្តលក្ខខណ្ឌពិនិត្យសុខភាពស្ត្រី កុមារតាមមណ្ឌលសុខភាពចំនួន១១.០៥៨ករណី ចំណាយសរុបនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ចំនួនប្រមាណ ៦២០លានរៀល។ នេះបើតាម លោក ជាម ច័ន្ទសោភ័ណ។
ជាមួយគ្នានោះ លោក វង សូត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋាន សូមជូនដំណឹងដល់ប្រជាពលរដ្ឋ មានប័ណ្ឌក្រីក្រនៅតាមមូលដ្ឋាន ដែលនៅសេសសល់មិនទាន់ បានបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សូមអញ្ជើញរួសរាន់មកបើកឲ្យបានមុនថ្ងៃកំណត់ដែលបានអនុវត្ដ។
នៅក្នុងកម្មវិធីដដែលនោះ រដ្ឋមន្ត្រី វង សូត បានប្រគល់ Tablets ចំនួន៦៤ ជូនដល់ជនបង្គោល និងឧបត្ថម្ភថវិកាសរុបចំនួន ១០.៣០០.០០០៛ ជូនដល់អ្នកចូលរួមមកពីស្រុក ក្រុង ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ស្មៀន ក្នុងខេត្តត្បូងឃ្មុំ សរុបចំនួន ២០៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល និងអ្នកចូលរួមមកពីស្រុកកំចាយមារ ខេត្តព្រៃវែង ចំនួន២៦នាក់ ស្រុកអស់ទឹកប្រាក់ចំនួន ១លាន ៣សែនរៀល៕