(កំពង់ឆ្នាំង)៖ តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ ស្ថិតនៅក្នុងភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស ដែលមានទីតាំងនៅខាងលិចក្រុងកំពង់ឆ្នាំង ចម្ងាយប្រមាណ៦០គីឡូម៉ែត្រ ដែលកំពុងតែសំងំលាក់ខ្លួននៅក្បែរជើងភ្នំឱរ៉ាល់ កំពុងដង្ហើយរកជំនួយដៃគូអភិវឌ្ឍន៍ ដើម្បីប្រែក្លាយយទៅជាតំបន់ទេសចរណ៍ធម្មជាតិ បម្រើឱ្យវិស័យទេសចរណ៍ នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង។
តំបន់ទេសចរណ៍មួយនេះ មិនទាន់មានការអភិវឌ្ឍន៍ហេដ្ឋារចនាស័ម្ពន្ធជឿនលឿននៅឡើយទេ ពិសេសបើមានសេវាផ្គត់ផ្គង់ចំណីអាហារដល់ភ្ញៀវទេសចរ ប្រាកដជាមានភ្ញៀវទេសចរ ទៅលេងកម្សាន្តមានចំនួនច្រើនជាមិនខានឡើយ។
ប្រជាពលរដ្ឋមួយក្រុមជាភ្ញៀវទេសចរ ដែលនាំក្រុមគ្រួសារមកលេងកម្សាន្តនៅតំបន់ទេសចរណ៍ទឹកធ្លាក់អន្លង់ស្វាយ បានប្រាប់អ្នកយកព័ត៌មាន Fresh News ឱ្យដឹងថា ក្រុមគ្រួសារលោក កាលពីឆ្នាំ២០១៩ ធ្លាប់បានមកលេងម្តងរួចមកហើយ នៅតំបន់ទឹកធ្លាក់អន្លង់ស្វាយនេះ គឺមានកន្លែងទឹកហូរធ្លាក់ជាច្រើនកន្លែង ដែលអាចមុជទឹកលេងយ៉ាងសប្បាយរីករាយនៅក្នុងព្រៃភ្នំធម្មជាតិយ៉ាងស្រស់ត្រកាល ដែលទីនេះសម្បូរទៅដោយព្រៃភ្នំធម្មជាតិដ៏ស្រស់បំព្រង ដែលទេសភាពមើលទៅ គួរឲ្យគយគន់ឥតនឿយណាយ។ ប៉ុន្តែរយៈពេលជាង១ឆ្នាំមកនេះ ហាក់ដូចជាមិនទាន់មានការអភិវឌ្ឍន៍អ្វីឲ្យបានប្លែកច្រើននៅឡើយនោះទេ ពិសេសគឺសេវាកម្មផ្នែកចំណីអាហារ សម្រាប់ភ្ញៀវទេសចរណ៍។
លោកថា បើសេវាលក់ចំណីអាហារ មានកញ្ចុសសម្រាប់អង្គុយលេងគ្រប់គ្រាន់ដូចរមណីយដ្ឋាននានានោះ ពិតជាមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើនជាមិនខានឡើយ ម្យ៉ាងនៅតំបន់នេះគឺជាទីស្ងាត់ជ្រងំ ដោយឮតែសំឡេងសត្វយំ បែបជាធម្មជាតិព្រៃភ្នំ។
ទាក់ទងនឹងការលើកឡើងខាងលើនេះ លោក នុត ហេង ប្រធានសហគមន៍ទេសរណ៍ធម្មជាតិទឹកធ្លាក់អន្លុងស្វាយ បានបញ្ជាក់ថា សហគមន៍ទេសចរណ៍ បានកើតឡើងនៅឆ្នាំ២០០២ ដែលមានប្រជាពលរដ្ឋ៤ភូមិជាសមាជិក គឺមានភូមិដូងស្លា ភូមិតាំងខ្សាច់ ភូមិមោង និងភូមិក្រសាំងដុះឡើង។ លោកប្រធានសហគមន៍ បានបន្តថា ក្នុងឆ្នាំកន្លងមកអាជ្ញាធរឃុំ បានចំណាយប្រាក់បដិភាគរបស់ឃុំ ជួសជុលផ្លូវលំប្រវែងជាង៤គីឡូម៉ែត្រ ពីផ្លូវជាតិមកកាន់តំបន់ទឹកធ្លាក់អន្លង់ស្វាយ ដើម្បីជួយសម្រួលការធ្វើដំណើរទៅលេងកម្សាន្តរបស់ភ្ញៀវទេសចរ។
ដោយឡែក កន្លងមកក៏មានអង្គការមួយចំនួនបានជួយឧបត្ថម្ភថវិកា ដើម្បីផ្ជាប់ប្រព័ន្ធទុយោទឹក ពីចង្កេះភ្នំឱរ៉ាល់មកកាន់ភូមិដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋចំនួន៣ភូមិ មានទឹកប្រើប្រាស់គ្រប់គ្រាន់ នៅរដូវប្រាំង និងរដូវវស្សា និងបានជួយកសាងទីស្នាក់ការសហគមន៍ ១ខ្នង និងបន្ទប់ទឹកមួយចំនួន នៅលើទីតាំងកម្សាន្តតំបន់ទឹកធ្លាក់អន្លុងស្វាយនេះផងដែរ។ ប៉ុន្តែកន្លងមក ដោយសារមានភ្ញៀវទេសចរមកលេងកម្សាន្តតិចតួច គួបផ្សំជំងឺកូវីដ-១៩ វាយលុកផងនោះ សហគមន៍ពុំមានចំណូលកសាងកញ្ចុះសម្រាប់ភ្ញៀវអង្គុយលេងនោះទេ ចំពោះសេវាកម្មលក់ដូរចំណីអាហារវិញសហគមន៍ ក៏មិនទាន់រកបានដៃគូរវិនិយោគបាននៅឡើយដែរ។
«ហេតុនេះហើយសហគមន៍សូមសំណូមពរដល់អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ សប្បុរសជន ឬក្រុមហ៊ុនវិនិយោគ មេត្តាជួយសហការអភិវ ឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងទីតាំងតំបន់ទឹកធ្លាក់អន្លង់ស្វាយ ដើម្បីបម្រើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ ដែលជាការទាក់ទាញភ្ញៀវទេសចរ ឲ្យមកលេងកម្សាន្ត ដើម្បីជាការរកចំណូលចូលថវិកាជាតិ ក៏ដូចជាបានចំណូលដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ក្នុងការលក់កសិផល និងចំណីអាហារហូបចុកផ្សេងៗដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅទីនេះផងដែរ»។ នេះជាការបញ្ជាក់ របស់លោក នុត ហេង។
ប្រធានសហគមន៍មានជំនឿថា បើមានដៃគូសេវាកម្មលក់ដូរចំណីអាហារ និងមានអគ្គីសនីប្រើប្រាស់ផងនោះ តំបន់ទេសចរណ៍មួយនេះពិតជាមានឈ្មោះល្បី និងស្រូបយកភ្ញៀវទេសចរ មកលេងកម្សាន្តដ៏ច្រើនកុះករមិនខានឡើយ។
ជុំវិញករណីនេះផងដែរ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះថា ពាក់ព័ន្ធទៅនឹងសំណើរបស់សហគមន៍ ដែលសុំឲ្យមានការធ្វើផ្លូវចូលទៅក្នុងតំបន់ទេសចរណ៍ធម្មជាតិខាងលើនេះ លោកក៏បានទំនាក់ទំនង ទៅខាងមន្ទីរអភិវឌ្ឍន៍ជនបទ ហើយខាងមន្ទីរអភិវឌ្ឍន៍ជនបទក៏មានគម្រោងនឹងជុសជុលផ្លូវទាំងបី។
លោកបានឲ្យដឹងថា ផ្លូវទាំង៣ខ្សែ រួមមាន៖ ខ្សែដោយទី១៖ ផ្លូវចូលទៅតំបន់ទេសចរណ៍ធម្មជាតិថ្មក្រាល, ទី២៖ ធ្វើផ្លូវចូលទៅតំបន់ទេសចរណ៍ធម្មជាតិស្រែអំពិល និងទី៣៖ ធ្វើផ្លូវក្រាលកៅស៊ូ ចូលទៅតំបន់ទេសចរណ៍អន្លង់ស្វាយនេះ។
ពាក់ព័ន្ធទៅនឹងការបណ្ដុះបណ្ដាលផ្នែកធ្វើម្ហូប ចំណីអាហារសម្រាប់ទទួលភ្ញៀវទេសចរ លោកក៏បានប្រាប់ទៅខាងសហគមន៍ឲ្យធ្វើបញ្ជីឈ្មោះ និងចំនួនតូបលក់ម្ហូបអាហារឲ្យបានពិតប្រាកដ ដើម្បីលោកស្នើទៅខាងក្រសួងឲ្យបញ្ជូនអ្នកជំនាញខាងម្ហូបអាហារចុះមកបង្ហាត់បង្រៀន ពីរបៀបធ្វើម្ហូបអាហារដល់សហគមន៍ សម្រាប់លក់ជូនភ្ញៀវទេសចរណ៍ ដែលមកលេងកម្សាន្ត។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកប្រធានមន្ទីរក៏សូមផ្ដាំផ្ញើ និងធ្វើការណែនាំដល់ភ្ញៀវទេសចរណ៍ទាំងអស់ ដែលបានមកលេងកម្សាន្តនៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗក្នុងខេត្តកំពង់ឆ្នាំង ធ្វើយ៉ាងណាអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ តាមការណែនាំរបស់ក្រសួងទេសចរណ៍ ដោយត្រូវពាក់ម៉ាស និងលាងដៃនឹងអាកុល ឬសាប៊ូ ពិសេសត្រូវរក្សាគំលាតពីគ្នាឲ្យបានយ៉ាងតិច២ម៉ែត្រ ទើបរក្សាបាននូវការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា តំបន់ទេសចរណ៍អន្លង់ស្វាយខាងលើនេះ បើប្រិយមិត្តចង់មកលេងកម្សាន្តនៅទីនេះ អាចធ្វើដំណើរចេញពីទីរួមខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥៣ មកកាន់ផ្សាររមាស ដោយធ្វើដំណើរចេញពីផ្សាររមាសតាមផ្លូវជាតិលេខ៥៣ មានចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រ មកដល់វត្តវិហារបិទមាស បត់ស្ដាំតាមក្លោង ទ្វារវត្តវិហារបិទនេះ ចម្ងាយប្រមាណជា៥ គីឡូម៉ែត្រ និងដល់តំបន់រមណីយដ្ឋានទេសចរណ៍ អន្លង់ស្វាយនេះតែម្ដង៕