(ព្រះសីហនុ)៖ មន្រ្តីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចូលជួបសម្តែងការគួរសមជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សាលើការងារត្រួតពិនិត្យ អធិការកិច្ចហត្ថពលកម្មបរទេស ឆ្នាំ២០២០-២០២១ និងបទល្មើសដែលពាក់ព័ន្ធលើបំរាមរបស់រាជរដ្ឋាភិបាល ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
ជំនួបខាងលើនេះមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋានអធិការកិច្ចប្រចាំខេត្តព្រះសីហនុ រួមជាមួយមន្ត្រីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តផងដែរ។
លោកឧត្តមសេនីយ៍ឯក សុខ លីហួត បានឡើងរាយការណ៍ និងជម្រាបជូនលោក គួច ចំរើន ពីរបៀបវារៈនៃជំនួប រួមមាន៖
* គោលបំណងផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ៧១៩ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីគោលបំណង និងក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេសចម្រុះ ដែលបានចុះមកអនុវត្តការងារលើជនបរទេសអន្តោប្រវេសន៍ ដែលកំពុងបើកក្រុមហ៊ុន និងប្រកបមុខរបរ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ឲ្យជនបរទេសទាំងអស់គោរពតាមការណែនាំ របស់ក្រសួងមហាផ្ទៃ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
* រកឲ្យឃើញនិងបង្ក្រាបឲ្យបានទាន់ពេលវេលា រាល់បទល្មើសដូចជា៖ ការរស់នៅខុសច្បាប់នៅកម្ពុជា របស់ជនបរទេសអន្តោប្រវេសន៍ជាអ្នកវិនិយោគឯកជន ការជួញដូរគ្រឿងញៀន ការជួញដូរផ្លូវភេទ ចាប់ជំរិតតាមប្រព័ន្ធអនឡាញ និងលុបបំបាត់ទីកន្លែងលាងលុយខ្មៅ។
* ចូលរួមការពារអ្នកវិនិយោគទុនបរទេសទាំងអស់ ដែលមករកស៉ីស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
* រាល់ការចុះបង្ក្រាបបទល្មើសទៅលើជនបរទេសជាអ្នកវិនិយោគឯកជន កម្លាំងអធិការកិច្ចទាំងអស់នៅក្នុងខេត្តព្រះសីហនុ ត្រូវតែរាយការណ៍សុំ និងឆ្លងយោបល់ពីលោកមុននឹងបង្ក្រាប។
នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការផ្តាំផ្ញើសូមឲ្យកម្លាំងអធិការកិច្ចទាំងអស់ត្រូវសហការគ្នា ហើយមុននឹងចុះបង្ក្រាបបទល្មើសត្រូវជូនដំណឹងជាមុន ទៅឲ្យក្រុមហ៊ុនវិនិយោគបរទេសទាំងអស់ ដើម្បីឲ្យពួកគាត់ត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ និងត្រូវចូលរួមការពារជាមួយជនបរទេស ដែលមករកស៉ីស្របច្បាប់នៅក្នុងទឹកដីខេត្តព្រះសីហនុ ដើម្បីធ្វើឲ្យវិនិយោគទុនបរទេសទាំងអស់ កាន់តែមានជំនឿ និងទុកចិត្តលើរដ្ឋបាលខេត្ត៕