(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យខុនដូនៅកម្ពុជា បានសម្លឹងមើលឃើញថា នៅប្រទេសកម្ពុជាត្រូវការរយៈពេល១០ឆ្នាំទៀត ដើម្បីឲ្យប្រជាពលរដ្ឋអាចផ្លាស់ប្ដូរផ្នត់គំនិត ដែលនិយមរស់នៅផ្ទះល្វែង ឬក៏ផ្ទះវីឡា ទៅរស់នៅក្នុងខុនដូវិញ។
បើតាមលោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia ដែលជាអ្នកជំនាញមួយរូបក្នុងវិស័យខុនដូនេះ បានអះអាងថា បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា ចំនួនប្រជាពលរដ្ឋ ដែលនិយម និងគាំទ្រនូវការរស់នៅក្នុងខុនដូ ទើបតែមាន១០ភាគរយប៉ុណ្ណោះ ដែលជាភាគរយក្នុងកម្រិតទាបនៅឡើយ។
ឆ្លើយតបនឹងសំនួរ តើកម្ពុជាត្រូវចំណាយពេលប៉ុន្មានឆ្នាំ ដែលអាចឲ្យប្រជាពលរដ្ឋ និយមនូវការរស់នៅក្នុងខុនដូ? ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់វិស័យខុនដូ» នៅប្រទេសកម្ពុជា ដោយសារជំងឺកូវីដ-១៩» លោកស្រី អាន សុធីតា បានឆ្លើយថា៖ «ខ្ញុំគិតថាក្នុងរយៈពេលពីហ្នឹងទៅរហូតដល់១០ឆ្នាំក្រោយ ជាចន្លោះពេល ដែលប្រជាជនចាប់ផ្ដើមផ្ដាស់ប្ដូរទៅរស់នៅខុនដូច្រើន»។
ការអះអាងរបស់លោកស្រីបែបនេះ ដោយសារតែតម្លៃអលនទ្រព្យ មានការកើនឡើង ម៉្យាងទៀតរបបនៃការរស់នៅនឹងមានការផ្ដាស់ប្ដូរ ខណៈដែលការ រស់នៅក្នុងខុនដូ មានភាពងាយស្រួល មានភាពស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធមានការរីកចម្រើន។
លើសពីនោះទៀត លោកស្រី អាន សុធីតា បានឲ្យដឹងថា សព្វថ្ងៃអ្វីដែលលោកស្រីមើលឃើញ គឺខុនដូត្រូវបានទិញ និងវិនិយោគ ដោយគូស្រករទើបតែរៀបការថ្មីថ្មោង ដែលមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទិញផ្ទះជាន់ដី ឬក៏វីឡា។
មួយចំណុចទៀតអ្នកដែលមានផ្ទះនៅជាយក្រុង ប៉ុន្ដែចង់ស្វែងរកទីតាំងសមរម្យមួយ សម្រាប់រស់នៅក្នុងទីក្រុង ដើម្បីងាយស្រួលធ្វើដំណើរ និងប្រកបការងារ។ នេះបើការគូសបញ្ជាក់បន្ថែម របស់អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia។
បើតាមលោកស្រី អាន សុធីតា ខុនដូនៅកម្ពុជាបង្កើតដំបូងបំផុតនៅឆ្នាំ២០០៨ បើប្រៀបធៀននឹងប្រទេសថៃ, កម្ពុជាដើរក្រោយថៃ២៧ឆ្នាំ៕