(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី៣ ក្រោមអធិបតីលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា លោក លោកស្រី ជាសមាជិក សមាជិកា នៃគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ព្រមទាំង លោក លោកស្រីជាប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុកទាំង៨សរុបចំនួន២៤ នាក់។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

១- ស្តាប់របាយការណ៍សកម្មភាពប្រចាំត្រីមាសទី ១ និងទិសដៅការងារបន្ត
២- មតិលើកឡើងរបស់គណៈកម្មាធិការសាខាលើរបាយការណ៍ទាំងពីរ និងទិសដៅអនុវត្តបន្ត
៣- ការលើកឡើងរបស់អនុសាខាក្រុង ស្រុកទាំង ៨ នូវសកម្មាភាពការងារនៅថ្នាក់អនុសាខា បញ្ហាប្រឈម និងដំណោះស្រាយ
៤- ការពិភាក្សារួមនៃគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងអនុសាខា ក្រុង ស្រុក
៥- ឆ្លងសេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់សាខាអាណត្តិទី ៥
៦- អនុសាសន៍ផ្សេងៗ។

បន្ទាប់ពីលោក សរ វណ្ណា នាយកសាខា អានរបាយការណ៍បូកសរុបលទ្ធផលសកម្មាភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុរួចមក លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកោតសរសើរ និងថ្លែងអំណរគុណដល់គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារមនុស្សធម៌ប្រកបដោយសកម្មភាពរស់រវើកមានវិវត្តន៍ពីមួយជំហ៊ានទៅមួយជំហ៊ាន ធ្វើឲ្យសាខាទទួលបាននូវជោគជ័យ គួរឲ្យកត់សំគាល់ពិសេសការងារផ្សព្វផ្សាយពីវិធានការទប់ស្កាត់កូវីដ-១៩។

លោកបានអបអរសាទរ និងការចូលរួមរបស់គណៈកម្មាធិការសាខា និងអនុសាខានាពេលនេះ សរបញ្ជាក់ឲ្យឃើញនូវស្មារតី និងការទទួលខុសត្រូវចំពោះសកម្មាភាពដែលបានអនុវត្តន៍កន្លងមក ស្របទៅនឹងយុទ្ធសាស្ត្រទស្សនៈវិស័យ និង បេសកម្ម សកម្មភាពការងារក្នុងវិស័យមនុស្សធម៌ រួមចំណែកកាត់បន្ថយភាពក្រីក្រជួយដល់ជនងាយរងគ្រោះបំផុត។ សមាជិកនៃអង្គប្រជុំ បានឯកភាពទាំងស្រុងនូវរបាយការណ៍លទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុ និងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ ២០២០ មតិលើកឡើងរបស់គណៈកម្មាធិការសាខា លើរបាយការណ៍ទាំងពីរ និងទិសដៅអនុវត្តបន្ត។

ប្រធានគណៈកម្មាធិការសាខា បានសំណូមពរដល់អនុសាខាទាំង ៨ ក្រុង ស្រុក ត្រូវចុះពិនិត្យជាក់ស្តែងពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងគ្រួសារដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា និងពង្រឹងបន្ថែមលើការងាររដ្ឋបាល និងហិរញ្ញវត្ថុ ការងារស្វែងរកមូលនិធិត្រូវជួយ គៀងគរមន្ថែម និយាយជារួមដោយផ្តោតសំខាន់ទៅលើការរៀបចំ និងការប្រព្រឹត្តទៅនៃការងារស្នូល របស់សាខា និងអនុសាខាទាំងអស់បានអនុវត្តតាមវិស័យស្នូលទាំង ៤ ឲ្យមានដំណើរការល្អស្របតាម អាណត្តិនៃការងារ៕