(ព្រះសីហនុ)៖ បុរស២នាក់បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ដោយគៀបជាប់ក្រោមរថយន្ត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ និងរថយន្តបុកគ្នា នៅម៉ោងប្រមាណ៩យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២៦-១២៧ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋាន បានសន្និដ្ឋានថា មុនពេលកើតហេតុ ជនរងគ្រោះអាចបើកម៉ូតូប្រជែងរថយន្តមួយគ្រឿងនៅពីមុខ ហើយជ្រុលចូលទៅខាងចំណែកផ្លូវ រថយន្តរួចក៏បុកនឹងរថយន្ត ដែលបើកមកពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់ នៅក្នុងថ្លុកឈាមភ្លាមៗ នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានប្រាប់ថា សពជនរងគ្រោះទី១. ឈ្មោះ ម៉ន ស្រស់ អាយុ២៤ឆ្នាំ មុខរបរជាងម៉ូតូ និងទី២. ឈ្មោះ អែម សុប៉ាន់ អាយុ២០ឆ្នាំ មុខរបរជាងផ្សាដែក អ្នកទាំងពីមានទីលំនៅ ភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ បើតាមសមត្ថកិច្ច រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ ប្រភេទកូរ៉េ ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 2C-4782 មានទិសដៅពីក្រុងព្រះសីហនុ ទៅភ្នំពេញ ចំណែកម៉ូតូម៉ាក សេ១០០សេរីឆ្នាំ២០០៩ ពាក់ស្លាកលេខ តាកែវ 1C-9445។ ក្រោយកើតហេតុ អ្នកបើក រថយន្តបានចុះរត់គេចខ្លួន បាត់ស្រមោល។
បច្ចុប្បន្នកំម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងនគរបាល បានសហការគ្នា ធ្វើចរាចរ និងការពារកន្លែងកើតហេតុ។ សពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។ ដោយឡែក រថយន្ត និងម៉ូតូបានយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកកំពង់សីលា ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕