Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញ៖ ជំងឺកូវីដ១៩ ធ្វើឲ្យការលក់ខុនដូនៅកម្ពុជាធ្លាក់ចុះចន្លោះពី៣០-៥០ភាគរយ (Video inside)

13-07-2020 14:34

(ភ្នំពេញ)៖ លោកស្រី អាន សុធីតា អគ្គនាយិការក្រុមហ៊ុន CBRE Cambodia ដែលជាអ្នកជំនាញមួយរូបរបស់កម្ពុជា ក្នុងវិស័យខុនដូ បានបញ្ជាក់ឲ្យដឹងថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ជាច្រើនខែកន្លងមកនេះ បានធ្វើឲ្យការទិញ-លក់ក្នុងវិស័យខុនដូ មានការធ្លាក់ចុះចន្លោះពី៣០-៥០ភាគរយ។

ការឲ្យដឹងរបស់លោកស្រី អាន សុធីតា នេះធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទូស្សន៍ Fresh News ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់វិស័យខុនដូ នៅក្នុងប្រទេសកម្ពុជា ដោយសារជំងឺកូវីដ១៩»។

ទាក់ទិននឹងបញ្ហាធ្លាក់ចុះនៃការលក់វិស័យខុនដូនេះ លោកស្រី អាន សុធីតា បានបញ្ជាក់ថា «ជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់មួយចំនួនចំពោះវិស័យខុនដូ តែនៅមានកម្រិតទាបនោះទេ បៀបធៀបនឹងវិស័យផ្សេងៗទៀត។ បញ្ហាប្រឈម គឺការធ្លាក់ចុះនៃចំនួនអ្នកទិញខុនដូចន្លោះពី៣០-៥០ភាគរយ ចំពោះគម្រោងដែលបញ្ចប់រួចរាល់ និងគម្រោងដែលកំពុងដាក់លក់ខុសគ្នា ដោយសារតែគម្រោងដែលបញ្ចប់ នៅតែមានការទទួលគាំទ្រពីអតិថិជនក្នុងស្រុក ប៉ុន្ដែគម្រោងដែលកំពុងដាក់លក់កំពុងប្រឈមនឹងការពិបាកលក់ ធ្វើឲ្យការលក់មានការថយចុះ»

លោកស្រីបានបន្ដថា ជាធម្មតាអតិថិជន និងអ្នកវិនិយោគតែងតែចាប់អារម្មណ៍ជាមួយគម្រោង ដែលបញ្ចប់រួចរាល់ក្នុងកាលៈទេសៈនេះ ប៉ុន្ដែសម្រាប់គម្រោងកំពុងសាងសង់ អ្នកវិនិយោគ និងអតិថិជនទទួលបានតិចតួចប៉ុណ្ណោះ។

លោកស្រីបញ្ជាក់ថា ថ្មីៗនេះការដាក់ជួលខុនដូមានការធ្លាក់ចុះ ដោយសារតែមិនមានអតិថិជនបរទេស។ ភាគច្រើនពួកគាត់ ត្រឡប់ទៅកាន់ប្រទេសកំណើត ចំណែកឯជនបរទេសផ្សេងទៀត មិនអាចត្រឡប់ពីប្រទេសខ្លួនចូលកម្ពុជា ដោយសារតែជំងឺកូវីដ១៩នេះ។ ទាំងនេះធ្វើឲ្យអត្រាទំនេរនៃខុនដូកើនឡើងខ្ពស់។

លោកស្រី អាន សុធីតា បានឲ្យដឹងទៀតថា ទោះបីមានការធ្លាក់ចុះនៃការលក់ខុនដូក្ដី ប៉ុន្ដែគម្រោងសាងសង់នៅតែដំណើរការធម្មតា មិនមានបញ្ហាប្រឈមនោះឡើយ។

លោកស្រីថា នៅក្នុងត្រីមាសទី១នេះ ទោះបីមិនឃើញមានគម្រោងបញ្ចប់ការសាងសង់ក៏ដោយ ប៉ុន្ដែនៅតែមានគម្រោងដែលដាក់លក់ ជាក់ស្ដែងថ្មីៗនេះមាន៣គម្រោងត្រូវបានដាក់លក់ ក្នុងកំឡុងពេលទីផ្សារកំពុងមានបញ្ហា៕