(បាត់ដំបង)៖ ម្ចាស់ផ្ទះ២នាក់ ប្តីប្រពន្ធ រវល់ទៅលក់ដូរនៅផ្សារ ដោយចាក់សោរផ្ទះទុកចោល ក៏បានចោរមួយក្រុម បានចូលគាស់ យកទ្រព្យសម្បត្តិ និងលុយអស់ជាង១ម៉ឺនដុល្លារ នៅចន្លោះម៉ោង៣ទៅ៤ រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចក្រុមទី៩ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ហើយពេលម្ចាស់ត្រឡប់មកផ្ទះវិញ ម៉ោង៥ល្ងាចទើបដឹងថា ចោរគាស់ផ្ទះ។
ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានប្រាប់សមត្ថកិច្ចថា ខ្លួនជាប្តីរវល់ទៅលក់ ចានឆ្នាំង នៅផ្សារថ្មី ស្ថិតក្នុងភូមិ១៣ មករាសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ឯខ្លួនជាប្រពន្ធ បានទៅលក់ដូរខោអាវ នៅផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ឯកូនៗ រវល់ទៅរៀនអស់ ។ លុះដល់ម៉ោងជាង៥ល្ងាច កូនបានមកដល់ផ្ទះមុន ស្រាប់តែឃើញទ្វារផ្ទះរបើក ឥវ៉ាន់រប៉ាត់រប៉ាយ ក៏បានទូរស័ព្ទហៅឪពុកឲ្យមកផ្ទះប្រញ៉ាប់ លុះពេលមកដល់ក៏ បានឃើញកាំបិតខ្វែវ១ នៅកណ្តាលផ្ទះ ដែលជនល្មើសបានយកទៅគាស់ ចម្រឹងបង្អួចក្រោយផ្ទះបាយដោយបានចូលមក បើកគន្លិះទ្វារក្រោយ ដើម្បីចូលធ្វើសកម្មភាព។
ជនរងគ្រោះបានបញ្ជាក់ថា បន្ទាប់ពីបានមកដល់ផ្ទះហើយ នាំគ្នាពិនិត្យមើលឃើញ របើគន្លិះទ្វារបន្ទប់ចំនួន២ ត្រូវបានគាស់សោរ ចូលរើជជុះឥវ៉ាន់យកអស់លុយ គ្រឿងអលង្ការ អាយផេត១ សរុប ជាង១ម៉ឺនដុល្លារ។ ប្រភពពីអ្នកជិតខាង បានប្រាប់ម្ចាស់ផ្ទះថា នៅចន្លោះម៉ោងកើតហេតុ ពួកគាត់បាន ឮសូរស្នូរក្តុងក្តាំង តែមិនបានចាប់អារម្មណ៍ទេ ទើបមិនបានដឹងដូច្នេះ។ បន្ទាប់ពីកើតហេតុហើយ សមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ ចុះមកផ្ទះកើតហេតុ ដើម្បីត្រួតពិនិត្យ និងសួរនាំធ្វើកំណត់ហេតុ ដើម្បីកំណត់មុខសញ្ញា តាមស្វែងរកជនល្មើស។ តែមកទល់ពេលនេះ ពុំទាន់មានសមត្ថកិច្ចអាចបញ្ជាក់បានពីលទ្ធផលនៅឡើយនោះទេ៕