(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំបើកកិច្ចប្រជុំស្តីការផ្សព្វផ្សាយសារាចណ៍ណែនាំ ស្តីពីនីតិវីធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
កិច្ចប្រជុំបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលពីមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្ត និងលោក បឹង គឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ប្រធានក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើននាក់។
ក្នុងកិច្ចប្រជុំនោះលោក បឹង គឹមសឹង បានថ្លែងថា កិច្ចប្រជុំស្តីការផ្សព្វផ្សាយសារាចណ៍ណែនាំ ស្តីពីនីតិវីធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០នេះ មានសារៈសំខាន់ណាស់ សម្រាប់មន្ត្រីរាជការ ដែលពាក់ព័ន្ធតាមរយៈការផ្តល់ជាគោលការណ៍ណែនាំថ្មីៗ ដែលជាមូលដ្ឋានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំគំរោងថវិកា ឆ្នាំ២០២០ របស់ខ្លួនប្រកបដោយប្រសិទ្ធិភាព និងស័ក្តិសិទ្ធភាពធានាការគ្រប់គ្រង ការអនុវត្តថវិកាដើម្បីឈានទៅបង្កើតលទ្ធផលជាក់ស្តែង ដែលអាចវាស់វែងបាន និងការរួមចំណែកដោយផ្ទាល់ ក្នុងការសម្រេចគោលបំណងនយោបាយអាទិភាព របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកបានបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅនៃការធ្វើទំនើបកម្ម និងការពង្រឹងប្រព័ន្ធថវិការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងថវិកាឆ្នាំ២០២០ រដ្ឋាភិបាលបានកំណត់គោលដៅសូចនាករហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២០ ដែលចែងក្នុងច្បាប់រួចជាស្រេចហើយ។
ក្នុងនោះលោក អ៊ុ រាត្រី បានថ្លែងថា អភិបាលក្រុង ស្រុកប្រធានការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុស្រុក ក្រុង លោកចៅសង្កាត់ ឃុំ ស្មៀន និងមន្ត្រីពាក់ព័ន្ធក្រោយពីបានចូលរួមកិច្ចប្រជុំនេះហើយ ត្រូវយកចំណេះដឹង និងសមត្ថភាព គួបផ្សំនឹងបទពិសោធន៍ការងារ ដើម្បីធានាឲ្យប្រាកដថា ការរៀបចំគំរោងថវិកាឆ្នាំ២០២០នេះ អាចសម្រេចបានសមិទ្ធិផលតាមគោលដៅសូចនាករ ដែលបានកំណត់។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា គម្រោងថវិកាឆ្នាំ២០២០នេះ ជាការត្រៀមចាប់ផ្តើមនៃដំណើឆ្ពោះទៅរករបត់ថ្មី នៃការងារគ្រប់គ្រងថវិការស្របតាមយុទ្ធសាស្ត្រ នៃការតែទម្រង់ប្រព័ន្ធថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២០៕