(កណ្ដាល)៖ ដោយសារទុស្សេខ្សែភ្លើង បណ្ដាលឱ្យអគ្គិភ័យឆាបឆេះព្រះវិហារមួយខ្នងក្នុងវត្តបឹងខ្យាង ខូចខាតទាំងស្រុង និងខូចខាតព្រះពុទ្ធរូបមួយចំនួនផ្សេងទៀត ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២០នេះ នៅចំណុចវត្តបឹងខ្យាង ភូមិប្រឡាយ ឃុំបឹងខ្យាងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
នគរបាលបានរៀបរាប់ថា សម្ភារខូចខាត រួមមាន៖
១៖ ព្រះវិហារ ១ខ្នង មានបណ្ដោយប្រវែង១៦ម៉ែត្រ ទទឹងមានប្រវែង ៨ម៉ែត្រ កំពស់ ១៤ម៉ែត្រ ថ្មក្រោម ដៃរណែងឈើ ប្រកខ្បឿងស្រកាលិញ ឆេះខូចខាតអស់ទាំងស្រុង។
២៖ ព្រះពុទ្ធដិមាធំ ១ព្រះអង្គ និងព្រះពុទ្ធដិមាតូចចំនួន ៧អង្គ
៣៖ ទៀនវស្សាចំនួន ៣គូរធំ តូចចំនួន ២គូរ
៤៖ ព្រហ្មចំនួន ៤ខ្សែ
៥៖ កន្ទេលចំនួន ៥ខ្សែ។
ប្រភពបន្តថា ហេតុការណ៍នេះនគរបាលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿងប្រើប្រាស់អស់ទឹក ៩ធុងស្មើនឹង ៧៣ម៉ែត្រគីប ដោយរថយន្តអគ្គិភ័យស្រុក ១គ្រឿង, រថយន្តអគ្គិភ័យខេត្តកណ្ដាលចំនួន ២គ្រឿង, រថយន្តអគ្គិភ័យអង្គរក្សចំនួន ២គ្រឿង, រថយន្តអគ្គិភ័យខាងប្រលានចំនួន ២គ្រឿង និងរថយន្តអគ្គិភ័យក្រុមហ៊ុនឯកជនចំនួន ១គ្រឿង។ ព្រមទាំងមានកម្លាំងចូលរួមអន្តរាគមន៍ រួមមាន៖ កម្លាំងជំនាញស្រុក ១០នាក់, កម្លាំងប៉ុស្តិរដ្ឋបាលចំនួន ៣ប៉ុស្តិ៍, កម្លាំងអាវុធហត្ថស្រុក និងកម្លាំងប្រជាការពារចូលរួមជាច្រើននាក់ទៀត។
សូមជម្រាបថា អគ្គិភ័យនេះបានរលត់វិញជាស្ថាពរ នៅវេលាម៉ោង១២៖៣៥នាទី៕