(កោះកុង)៖ ក្រោយមានការទប់ស្កាត់ និងណែនាំពីសារសំខាន់នៃធនធានធម្មជាតិ សត្វព្រៃរបស់ក្រសួងបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងស្ថាប័នពាក់ព័ន្ធមកនោះ ប្រជាពលរដ្ឋដែលធ្លាប់ ប្រកបមុខរបរកាប់ព្រៃឈើ បរបាញ់សត្វព្រៃនានាក្នុងតំបន់ជួរភ្នំពេញខាងត្បូង នៅខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋបានបញ្ឈប់សកម្មភាពនេះ ហើយងាកមកអភរិក្ស ធនធានធម្មជាតិ រហូតប្រែក្លាយតំបន់នេះ ឱ្យមានសន្ទុះខ្លាំងលើវិស័យទេសចរណ៍ដ៏សប្បូរបែរ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាឱកាសចុះបំពេញបេសកកម្ម រយៈពេល២ថ្ងៃ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) លោកស្រី កុយ ឡាយ ជាប្រជាសហគមន៍អេកូទេសចរណ៍ជីផាត នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានថ្លែងថា ក្រោយបង្កើតជាសហគមន៍ និងមានការណែនាំពីសំណាក់អង្គការ មន្ត្រីពាក់ព័ន្ធនានា ប្រជាពលរដ្ឋស្ទើរទាំងអស់ បាននាំគ្នាបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃយ៉ាងអនាធិបតេយ្យ រហូតចងក្រងបង្កើតជា «សហគមន៍អេកូទេសចរណ៍ជីផាត» នៅឆ្នាំ២០០៧ ក្រោមការជួយជ្រោមជ្រែងពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) តាំងពីឆ្នាំ១៩៩៨។
លោកស្រី កុយ ឡាយ បានបន្តថា ក្រុមគ្រួសាររបស់លោកស្រីបានមករស់នៅក្នុងសហគមន៍នេះ តាំងពីឆ្នាំ១៩៩៤មកម្ល៉េះ បើងាកទៅក្រោយមិនទាន់បានបង្កើតជាសហគមន៍ ហើយប្រជាពលរដ្ឋនៅទីនេះ ភាគច្រើនប្រកបរបរកាប់ឈើ បរបាញ់សត្វព្រៃ ព្រមទាំងប្រកបមុខរបរផ្សេងៗទៀត ដើម្បីចិញ្ចឹមជីវិតជាដើម។
សម្រាប់លោក លោក ទូច សុផាន់នី ប្រធានគម្រោងសហគមន៍អេកូទេសចរណ៍ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ គោលបំណងក្នុងការបង្កើតសហគមន៍អេកូទេសចរណ៍នេះ គឺដើម្បីចូលរួមកាត់ បន្ថយការកាប់បំផ្លាញ់ព្រៃ ការបរបាញ់ ជាពិសេសគឺចូលរួមការពារបរិស្ថាននៅធម្មជាតិ នៅក្នុងតំបន់ព្រៃឈើធម្មជាតិនេះឱ្យមានប្រសិទ្ធភាព។
លោក ទូច សុផាន់នី បានបន្ថែមទៀតថា បន្ទាប់ពីបង្កើតសហគមន៍នេះមក ប្រជាពលរដ្ឋមានការយល់ដឹងយ៉ាងខ្លាំងលើកិច្ចការពារបរិស្ថានធម្មជាតិ ការការពារជីវចម្រុះ ព្រមទាំងប្តេជ្ញាចិត្តចូលរួមជាមួយ អាជ្ញាធរពាក់ព័ន្ធ ដើម្បីរក្សាសម្បត្តិធម្មជាតិដែលមាននៅក្នុងតំបន់នេះ មិនឱ្យរងការបាត់បង់ដូចអតីតកាលនោះឡើយ។
លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងយ៉ាងដូច្នេះថា៖ «កាលពីឆ្នាំ១៩៩៨ ពេលនោះនៅជីផាតមានភាពអនាធិបតេយ្យយ៉ាងខ្លាំងមែនទែន ក្នុងការកាប់បំផ្លាញ់ព្រៃឈើ ការបរបាញ់សត្វព្រៃ និងការទន្ទ្រាយយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែដោយសារការមើលឃើញពីអង្គការ Wildlife Alliance គាត់បានលុបបំបាត់នូវបញ្ហានេះជាច្រើន ហើយគាត់ចងក្រងឯកសារមួយចំនួនជាមួយក្រសួងពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាជន៤ភូមិ នៅជីផាត ដើម្បីបង្កើតជាសហគមន៍»។
លោក អន សុវណ្ណ បានបន្តថា ចាប់តាំងពីឆ្នាំ២០០៧មក សហគមន៍អេកូទេសចរណ៍ជីផាត បានប្រែមុខមាត់ពីតំបន់ដាច់ស្រយាលមកជាតំបន់ទេសចរណ៍ ដែលមានភ្ញៀវទេសចរមកទស្សនាច្រើន បានកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋនៅក្នុងឃុំជីផាតបានងាកមកប្រកបរបរដាំដំណាំ នាំភ្ញៀវទេសចរដើរកម្សាន្ត និងប្រកបរបរផ្សេងៗទៀត ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ។
បើតាមប្រធានសគហមន៍រូបនេះ បានបញ្ជាក់ថា សព្វថ្ងៃឃុំជីផាតមានប្រជាពលរដ្ឋជាង ៦០០គ្រួសារ ក្នុងនោះ ៣៦២គ្រួសារ ជាសមាជិករបស់សហគមន៍ ដូច្នេះពួកគាត់អាចទាញប្រយោជន៍ពីសហគន៍បាន ដូចជា ធ្វើជាចុងភៅភូមិ ចុងភៅព្រៃ មគ្គុទេ្ទសក៍នាំភ្ញៀវដើរទស្សនាកន្លែងកម្សាន្តនានា នៅក្នុងតំបន់អេកូទេសចរណ៍ជីផាត។
លោក នេត្រ ភក្រា្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅក្នុងដំណើរដឹកនាំប្រតិភូទស្សនកិច្ចខេត្តកោះកុង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ថា វាជាជោគជ័យមួយរបស់សហគមន៍អេកូទេសចរណ៍ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលបានប្រែក្លាយតំបន់ដែលទទួល រងការបំផ្លាញធនធានធម្មជាតិ ហើយប្រជាពលរដ្ឋងាកមកចូលរួមថែរក្សាការពារវិញ។ នេះបង្ហាញថាពួកគាត់បានយល់ដឹងពីតម្លៃធនធានធម្មជាតិ ដែលជាកំណប់មហាសាលមិនអាចកាត់ថ្លៃបាន។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា គោលបំណងរបស់រាជរដ្ឋភិបាលកម្ពុជា គឺធ្វើយ៉ាងណាប្រែក្លាយតំបន់ការពារធនធានធម្មជាតិ ដែលមានសក្តានុពលទេសចរណ៍ ឱ្យក្លាយជាកន្លែងទេសចរណ៍ធម្មជាតិ។
លោកបានចាត់ទុកថា កិច្ចសហការល្អ និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព ក្នុងតំបន់ការពារធម្មជាតិពិតជាមានសារៈសំខាន់ណាស់ ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិវឌ្ឍន៍ជីវៈចម្រុះ សំដៅការរស់នៅដោយចីរភាព។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលកន្លងមកបានសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងបរិស្ថាន៕