(ភ្នំពេញ)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញអំពីការរីកចម្រើន និងវឌ្ឍនភាពរបស់ខេត្ត ក្រោមម្លប់នៃសន្ដិភាព តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តរតនគិរី»។
*វិស័យកសិកម្ម៖ ខេត្តរតនគិរីមានសក្ដានុពលអំណោយផល ដល់ការដាំដុះដំណំា ពិសេសដំណំាកសិ-ឧស្សាហកម្ម និងការចិញ្ចឹមសត្វ។ សមិទ្ធផលសម្រេចបានសំខាន់ៗ លើវិស័យកសិកម្មក្នុងឆ្នំា២០១៩ រួមមាន៖
ការងារផលិតកម្ម ដំណំាអនុវត្តបានលើផ្ទៃដីសរុប១៦៨,៥៤៣ហិកតា ក្នុងនោះដំណំាស្រូវអនុវត្តបាន២៦,៧២៧ហិកតា ស្នើនឹង១០១.២%នៃផែនការ ដោយមានទិន្នផល២.៣១៩តោន/ហិកតា, កៅស៊ូគ្រួសារ និងកៅស៊ូឧស្សាហកម្មសរុប ៦៥,៩៣៧ហិកតា មានផ្ទៃដីអាជីវកម្មជៀរជ័រចំនួន៤១,១៨៨ហិកតា ដែលមានបរិមាណផលជាក្រែបប្រមាណ ៣០,៤៧៩តោន។
ផ្ទៃដីដំាដុះស្វាយចន្ទីសរុប ៣៩,៧៨៤ហិកតា មានផ្ទៃដីប្រមូលផលចំនួន ២០,៩៨៦ហិកតា មានទិន្នផលជាមធ្យម០.៥៣៩តោន/ហិកតា, ដំណំាម្រេចសរុប ៩១២ហិកតា និងមានផ្ទៃដីប្រមូលផលចំនួន ៦១១ហិកតា មានទិន្នផល២.០៣តោន/ហិកតា។ ក្រៅពីនេះមានដំណំារួមផ្សំ និងដំណំាឧស្សាហកម្មប្រចំារដូវ មានផ្ទៃដីសរុប ២២,៩៤៧ហិកតា។
ប្រព័ន្ធស្រោចស្រព ដើម្បីបំពេញឲ្យគ្នាទៅវិញទៅមកលើវិស័យកសិកម្មនេះ នៅក្នុងខេត្តមាន មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដែលជាសេនាធិការ ឲ្យរដ្ឋបាលខេត្ត មានភារកិច្ចរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយនយោបាយទឹក ជូនប្រជាកសិករតាមរយៈការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងស្វែងរក ប្រភពទឹកដែលនៅសេសសល់ ហើយមានសក្តានុពលបម្រើឲ្យការប្រើប្រាស់ប្រចាំថ្ងៃ និងការស្រោចស្រពលើដំណាំកសិកម្មគ្រប់ប្រភេទ។ គិតត្រឹមឆ្នាំ២០១៩ មន្ទីរបានខិតខំស្ថាបនា និងជួសជុលប្រព័ន្ធស្រោចស្រព ដែលបច្ចុប្បន្នមានប្រឡាយចំនួន ១៣ប្រព័ន្ធ ប្រវែងជិត ៧ពាន់ម៉ែត្រ និងមានលទ្ធភាពស្រោចស្រព លើផ្ទៃដី ប្រមាណ២,៧៦០ហិកតា។
*ការវិនិយោគ ពាណិជ្ជកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ នៅក្នុងខេត្តមានក្រុមហ៊ុនវិនិយោគដី សម្បទានសេដ្ឋកិច្ច ដែលទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាលមានចំនួន ២៧ក្រុមហ៊ុន មានផ្ទៃដីសរុបចំនួន ១២៤,៦៦៩ហិកតា បានអនុវត្តការដាំដុះចំនួន ៥៥,០៤៣ហិកតា ក្នុងនោះរួមមាន៖ កៅស៊ូ២៥,០២១ហិកតា, ស្វាយចន្ទី ១,៥០៦ហិកតា, ចេកអំបូងលឿង ៨,៤៩៣ហិកតា ស្រកានាគ៤៨០ហិកតា, ខ្នុរ ៧៦៣ហិកតា, ដូង ៥៥៥ហិកតា, ស្វាយ ៣,៨៤៨ហិកតា និងប្រភេទឈើហូបផ្លែផ្សេងៗទៀត មានធុរេន តាង៉ែន មៀន ក្រូច និងម្នាស់ជាដើម។
ក្នុងឆ្នាំ២០១៩កន្លងមកនេះ បានធ្វើការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៨៧,៦០៤តោន គិតជាទឹកប្រាក់ប្រមាណជិត ៣៧លានដុល្លារ។ ជាមួយគ្នានេះ នៅក្នុងខេត្តមានរោងចក្រកែច្នៃកៅស៊ូក្រែប ចំនួន០៧ទីតាំង និងសិប្បកម្មកៅស៊ូសន្លឹកមាន ០៩ទីតាំង ហើយបរិមាណជ័រកៅស៊ូក្រែប មានប្រមាណជាមធ្យម ៣០,៤៧៩តោន/ឆ្នាំ និងរោងចក្រកែច្នៃដំឡូងមី ០១ទីតាំង កំពុងកែច្នៃជាផលិតផលពាក់កណ្តាលសម្រេចដើម្បីនាំចេញ។
ក្រុមហ៊ុនវិនិយោគ រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម គ្រឹះស្ថានឯកជនក្នុងខេត្តសរុបចំនួន ២៣០ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ និងកំពុងបានផ្តល់ការងារដល់បុគ្គលិក កម្មករប្រមាណ ១១,១៣៦នាក់ និងមានអង្គការក្រៅរដ្ឋាភិបាលចំនួន ៣៩កំពុងប្រតិបត្តិការនៅក្នុងខេត្ត។ ជាក់ស្តែងនាពេលបច្ចុប្បន្ន មានតម្រូវការកម្លាំងពលកម្មប្រមាណជាង២,០០០នាក់បន្ថែមទៀត លើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។
*វិស័យទេសចរណ៍៖ ឆ្នាំកន្លងមកនេះខេត្ត ទទួលបានភ្ញៀវទេសចរណ៍សរុប ២៣១,៨៧៣នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ គឺមានការកើនឡើងចំនួន ៤.៣៤% ក្នុងនោះមានភ្ញៀវទេសចរជាតិ ចំនួន២០៦,៦៨២នាក់ កើនឡើង៤.៧៦% និងភ្ញៀវទេសចរអន្តរជាតិចំនួន ២៥,១៩១នាក់ កើនឡើង១.១%។
ក្នុងឆមាសទី១ ឆ្នាំ២០២០ ខេត្តរតនគិរី ក៏ទទួលរងផល់ប៉ះពាល់ជាវិជ្ជមាន ដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក្នុងនោះវិស័យទេសចរណ៍ខេត្ត បានជះឥទ្ធិពលដល់អាជីវកម្មសេវាកម្មខារ៉ាអូខេ ម៉ាស្សាចំនួន ១៩កន្លែង ដែលត្រូវបានផ្អាកដំណើរការ និងប៉ះពាល់លើការងារបុគ្គលិក កម្មករដែលបម្រើការងារ លើសេវាកម្មនេះ និងផ្នែកសេវាកម្មផ្សេងៗទៀតប្រមាណ២០%។
*ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ជនបទ៖ រដ្ឋបាលខេត្តបានខិតខំលើកគម្រោងអភិវឌ្ឍន៍នានា ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍របស់ខេត្ត ក្នុងនោះមានជួសជុល ស្ថាបនា និងពង្រីកផ្លូវប្រភេទDBST ចំនួន ១៥ខ្សែ ប្រវែង៧,០៣៧ម៉ែត្រ ជួសជុល និងស្ថាបនាផ្លូវក្រាលក្រួសក្រហម ០៤ខ្សែ ប្រវែង ២០,៣៣៩ម៉ែត្រ សាងសង់ស្ពាន រៀបការ៉ូឡាចិញ្ចើមផ្លូវ កប់លូរំដោះទឹកភ្លៀង សួនច្បារសាធារណៈ រៀបចំបណ្តាញភ្លើងបំភ្លឺសាធារណៈ ជួសជុលអគាររដ្ឋបាល សាងសង់សាលាឃុំចំនួន ១១អគារ និងការិយាល័យច្រកចេញចូលចំនួន ០១អគារនៅស្រុកកូនមុំ រួមនឹងសមិទ្ធផលមួយចំនួនទៀត ក្នុងគោលដៅលើកកម្ពស់ សោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ និងការផ្តល់សេវានៅក្នុងខេត្ត។
*វិស័យអប់រំ យុវជន និងកីឡា៖ នៅទូទាំងខេត្តមានសាលារៀនសរុបចំនួន ៤២៧សាលា ធៀបជាមួយឆ្នាំ២០១៨ កើនឡើង ១១សាលា មានសិស្សសរុប ៥៨,៤៨៨នាក់ ក្នុងនោះមាន៖ កម្រិតមត្តេយ្យសិក្សាមាន ១៧៨សាលា, កម្រិតបឋមសិក្សាមាន ២២២សាលា, កម្រិតមធ្យមសិក្សាមាន ២៧សាលា និងមានសាកលវិទ្យាល័យឯកជនចំនួន០២ ដែលកំពុងបណ្តុះបណ្តាលសិស្ស និស្សិតនៅក្នុងខេត្ត។
ជាមួយគ្នានេះឆ្នាំ២០១៩ បានបង្កើតអនុវិទ្យាល័យថ្មី ០២កន្លែង និងតម្លើងកម្រិតពីអនុវិទ្យាល័យទៅជាវិទ្យាល័យចំនួន ០២កន្លែងបន្ថែមទៀត ដើម្បីឆ្លើយតប និងកាត់បន្ថយបានជាអតិបរិមា នូវអត្រាសិស្សបោះបង់ការសិក្សានៅកម្រិតថ្នាក់មធ្យម សិក្សាបឋមភូមិ។
*ការផ្តល់សេវាសុខភាពសាធារណៈ៖ ក្នុងខេត្តមានមន្ទីរពេទ្យបង្អែក ចំនួន០២ មានគ្រែ១៩២គ្រែ មានមណ្ឌលសុខភាពចំនួន ២៧មណ្ឌល មានបុគ្គលិកសរុបចំនួន ៤៣៣នាក់ ក្នុងនោះមានវេជ្ជបណ្ឌិតឯកទេស០៣នាក់ និងវេជ្ជបណ្ឌិត ៣២នាក់។ សេវាសុខាភិបាលបានផ្តល់ការពិនិត្យ និងពិគ្រោះជំងឺខាងក្រៅសរុប ១៧៨,២៣១នាក់ ប្រៀបធៀបនឹងឆ្នាំ២០១៨ មានការកើនឡើង ៤,២៤% ក្នុងនោះពិនិត្យផ្ទៃពោះសរុប ២០,៧៤១ ករណីមានការថយចុះប្រៀបធៀបនឹងឆ្នាំ២០១៨ ស្មើ២.១២% ស្ត្រីសម្រាលកូនសរុប៤,៨៩៩នាក់។
*វិស័យរ៉ែ និងថាមពល ទឹកស្អាត និងអនាម័យជនបទ៖ បច្ចុប្បន្នមានក្រុមហ៊ុន ចំនួន០២ កំពុងអនុវត្តការសិក្សាស្វែងរុករករ៉ែលោហៈ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ស្នើនឹង៥អាជ្ញាប័ណ្ណ មានប្រទេសកាណាដា និងវៀតណាម និងអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ សម្រាប់អាជីវកម្មរ៉ែមាស ចំនួន០១ អាជ្ញាប័ណ្ណ របស់ប្រទេសឥណ្ឌា។
សម្រាប់វិស័យអគ្គិសនីខេត្ត បច្ចុប្បន្នមានប្រភព និងកម្លាំងផលិត ចំនួន០៣ប្រភព ក្នុងនោះរួមមាន៖ ផលិតដោយវារីអគ្គិសនីផ្ទាល់ខ្លួនមានអានុភាព ១.២៦មេហ្គាវ៉ាត់ (វារីអគ្គិសនីអូរជុំ) ទិញថាមពលពីប្រទេសវៀតណាមមានអានុភាព ១២មេហ្គាវ៉ាត់ និងប្រភពវារីអគ្គិសនីសេសានក្រោម០២មានអានុភាព ១២មេហ្គាវ៉ាត់។
សម្រាប់ការងារទឹកស្អាតនៅក្នុងខេត្ត មានក្រុមហ៊ុនវិនិយោគ និងសេវាករឯកជនចំនួន០៤ទីតាំង ក្នុងក្រុង ស្រុកចំនួន៣ ដែលមានអានុភាពផលិតទឹកស្អាត ១,២៩២,១៩០ម៉ែត្រគូប ក្នុងមួយឆ្នាំ សមត្ថភាពផលិតជាមធ្យម ៣,៥៤០ម៉ែត្រគូប/ថ្ងៃ ហើយបានភ្ជាប់បណ្តាញទឹកស្អាតសរុបចំនួន ៦,២០៥ខ្នងផ្ទះ។
ដោយឡែកនៅតាមទីជនបទក្នុងខេត្ត មានអត្រាគ្របដណ្តប់ទឹកស្អាតប្រមាណជាង៦០% ដែលប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ ពីប្រភពផ្សេងៗគ្នា ដូចជា អណ្តូងស្នប់ ប្រព័ន្ធចែកចាយទឹកសហគមន៍ ស្រះទឹក អាងត្រងទឹកភ្លៀង ពាងទឹក ដែលជាប្រភពមានសុវត្ថិភាព និងធានាបានដល់ការប្រើប្រាស់ ផ្គត់ផ្គង់ការស្រោចស្រពមួយចំនួន។
*ការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី៖ ការងារចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ៖ មន្ទីរដែនដី បានបែងចែកក្រុមការងារជា០៣ក្រុម ដើម្បីចុះវាស់វែងកំណត់ក្បាលដី ដើម្បីរៀបចំចុះបញ្ជី និងបានចេញវិញ្ញាបនបត្របានចំនួន០៦ភូមិ ស្មើនឹង ៣,៥៧២ប័ណ្ណ ប្រកាសតំបន់វិនិច្ឆ័យ ០៩ភូមិ ចែកវិញ្ញាបនបត្របានចំនួន ១,៩៣០ប័ណ្ណ វាស់វែងកំណត់ព្រំបាន ៦,៣៣២ក្បាលដី បញ្ចប់ការបិទផ្សាយជាសាធារណៈចំនួន ០៨ភូមិ និងប្រមូលទិន្នន័យបានចំនួន ៥,៨៧៨ក្បាលដី។
ចុះបញ្ជីក្រុមហ៊ុនវិនិយោគជាលក្ខណៈឯកជនរបស់រដ្ឋ សម្រេចបាន ១៩ក្រុមហ៊ុន ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបានចំនួន ១៧សហគមន៍ ហើយបច្ចុប្ប្នន្នខេត្តបាន កសាងប្លង់គោលប្រើប្រាស់ដីបាន០១ក្រុង។ ឆ្នាំកន្លងមកនេះផងដែរ មានករណីបណ្តឹងពាក់ព័ន្ធបញ្ហាដីធ្លីចំនួន ៤៦ករណី និងបានសម្របសម្រួលបញ្ចប់៣០ករណី។
*វិស័យបរិស្ថាន៖ ខេត្តរតនគិរីមានតំបន់ការពារធម្មជាតិចំនួន ០៧កន្លែង និងតំបន់របៀងអភិរក្សជីវចម្រុះ១កន្លែង រួមមាន ឧទ្យានជាតិវីរៈជ័យ ឧទ្យានជាតិអូរយ៉ាដាវ ឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែនជម្រកសត្វព្រៃលំផាត់ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងយក្ខឡោម តំបន់ការពារទេសភាពបឹងលំកុដ បឹងយក្ខអោមនិងយ៉ាករ៉ា ដែលមានផ្ទៃដីសរុបចំនួន ៧០៤,៩០៦ហិកតា។
តំបន់ទាំងអស់នេះ សុទ្ធសឹងតែជាតំបន់សំបូរទៅដោយសម្បត្តិធនធានធម្មជាតិ ជីវៈចម្រុះគ្រប់ប្រភេទ ជាពិសេសប្រភេទសត្វព្រៃ សត្វកម្រដែលជិតផុតពូជ និងសិ្ថតនៅក្នុងបញ្ជីងាយរងគ្រោះ។ ជាមួយគ្នានេះមន្ទីរបានជម្រុញបង្កើត សហគមន៍ការពារធម្មជាតិបានចំនួន ១០ ក្នុងន័យជួយចូលរួមគ្រប់គ្រងថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ។
ដោយឡែក ការងាររដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនយោបាយ លោក ថង សាវុន បានអះអាងថា ក្នុងនាមអាជ្ញាធរខេត្ត ភារកិច្ចសំខាន់បំផុត គឺការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងដែនសមត្ថកិច្ចរបស់ខេត្ត ធានាបាននូវភាពសុខដុមរមនាទាំងផ្លូវកាយ និងផ្លូវចិត្ត ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការប្រកបរបបទទួលទានប្រចាំថ្ងៃ។
បើតាមលោកអភិបាលខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមកិច្ចសហការពីកម្លាំងសមត្ថកិច្ច អង្គភាពជំនាញគ្រប់ស្ថាប័ននៅក្នុងខេត្ត ឆ្នាំ២០១៩កន្លងមកនេះ បានអនុវត្តប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់នូវរាល់បទបញ្ជានានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ សំដៅរួមចំណែក ក្នុងការទប់ស្កាត់ និងបង្ការនូវផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត និងការប៉ុនប៉ងផ្លាស់ប្តូរ របបនយោបាយនៅកម្ពុជា ក្រោមឧបាយកលនៃផែនការវិលត្រឡប់របស់ក្រុមឧទ្ទាមក្រៅច្បាប់មួយចំនួន កាលពីអំឡុងចុងឆ្នាំ២០១៩កន្លងមក៕