(ភ្នំពេញ)៖ នៅវេលាម៉ោង ១៣៖៣០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ នៅសាល CKCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.កនឹងរៀបចំពិធី ប្រគល់រង្វាន់ដល់ម្ចាស់ជ័យលាភីចំនួន៦រូប ដែលប្រកួតឈ្នះ នៅក្នុងកម្មវិធី ប្រកួតប្រជែងគូររូបស្វាជានិមិត្តរូប និងតែងនិពន្ធពាក្យស្លោកសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០១៦។
គោលបំណងនៃការរៀបចំឲ្យមានកម្មវិធី ប្រកួតប្រជែងគូររូបស្វាជានិមិត្តរូប និងតែងនិពន្ធពាក្យស្លោកសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០១៦ ធ្វើឡើងដើម្បី ចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ព.ស ២៥៥៩-២៥៦០ គ.ស២០១៦ខាងមុខ និងដើម្បីបំផុស ឲ្យមានការចូលរួមពីយុវជន ក្នុង ព្រឹត្តិការណ៍អង្គរសង្រ្កាន ហើយក៏ចូលរួមចំនែក ផ្តល់ឪកាសឲ្យយុវជនកម្ពុជា ដែលជាវិចិត្រករ និងសិល្បករ និងនិស្សិត ចូលរួមប្រកួតប្រជែង ក្នុងការរៀបចំបង្កើត រូបសត្វស្វាជានិមត្តរូប និងតែងនិពន្ធពាក្យស្លោកសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០១៦ផងដែរ។
ការជ្រើសរើសម្ចាស់ជ័យលាភីនេះ ធ្វើឡើងដោយឆ្លងតាមការវាយតម្លៃខ្ពស់ពី គណៈកម្មការ វាយតម្លៃស្នាដៃ ព្រមទាំងទទួលបានការគាំទ្រពីមហាជន តាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook អស់រយៈពេល៦សប្តាហ៍ កន្លងមក។ នេះបើយោងតាមលិខិតអញ្ចើញរបស់សហភាពសហព័ន្ធយុវជនកម្ពុជាផ្ញើជូនទៅលោក សាយ សំអាល់ ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចនេះ។
យោងតាមលិខិតអញ្ចើញដដែលបានបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា សូមអញ្ចើញសមាជិក ស.ស.យ.ក រាជធានីភ្នំពេញ ចំនួន២០០នាក់ ដើម្បីចូលរួមអបអរសាទរពិធីប្រគល់រង្វាន់ជ័យលាភីប្រកួតប្រជែង គូររូបស្វាជានិមិត្តរូប និងតែងនិពន្ធពាក្យស្លោកសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០១៦។
យ៉ាងណាក៏ដោយ នៅក្នុងលិខិតអញ្ចើញនេះ មិនបានបញ្ជាក់ថា រង្វាន់ម្ចាស់ជ័យលាភីចំនួន៦រូប នឹងទទួលបានរង្វាន់ និងកាដូអ្វីខ្លះឡើយ៕