(ភ្នំពេញ)៖ ករណីផ្ទុះធុងហ្គាស ដែលបង្កឲ្យមានគ្រោះអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ស្ថិតនៅកន្លែងស្តុកហ្គាសតាមបណ្តោយផ្លូវហាណូយ កែងផ្លូវទំនប់កប់ស្រូវ ក្នុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ពោលនៅខាងមុខឈៀងខាងជើង Grand Phnompenh នាក្បាលព្រលប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងអាជ្ញាធរ និង សមត្ថកិច្ចជាច្រើននាក់ បានចេញប្រតិបត្តិការភ្លាមៗ បញ្ជូនរថយន្តពន្លត់អគ្គិភ័យជា ច្រើនគ្រឿង ជាបន្តបន្ទាប់ទៅកាន់ទីនោះ ដើម្បីជួយបាញ់ពន្លត់ ដោយប្រើពេល១ ម៉ោងកន្លះ ទើបអគ្គិភ័យដ៏កំណាចនេះ បានរត់ទៅវិញ។
ករណីផ្ទុះធុងហ្គាស របស់ក្រុមហ៊ុនដែលមាន យីហោ KM និងខ្លះថារបស់ក្រុមហ៊ុន ហ្គាសទាន់សម័យ នោះ បានបណ្តាលឲ្យមានភាពភ័យខ្លាចយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់ នៅក្បែរនោះ និងធ្វើដំណើរតាមផ្លូវ នៅពេលដែលមានអណ្តាតភ្លើង ឆាបឆេះឡើង យ៉ាងសន្ធោសន្ធៅ រហូតអាជ្ញាធរ និងសមត្ថកិច្ចបានបិទកំណាត់ផ្លូវហាណូយទាំងស្រុង មិនឲ្យមានការធ្វើដំណើរឆ្លងកាត់នោះឡើយ ខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។
ភ្នាក់ងារ Fresh News ដែលស្ថិតនៅកន្លែងកើតហេតុ បានរាយការណ៍ថា គ្មានសមត្ថកិច្ច និង ប្រជាពលរដ្ឋណាម្នាក់ ហានចូលទៅជិតនោះទេ ដោយសារតែមានអណ្តាតភ្លើងខ្លាំងពេក ពោលទុកឲ្យក្រុមពន្លត់អគ្គិភ័យ បញ្ជូនរថយន្តទៅបាញ់ពន្លត់ជាបន្តបន្ទាប់។ សេចក្តីរាយការណ៍ បានបន្តថា នៅពេលដែលមានគ្រោះអគ្គិភ័យ ខាងលើនេះ កើតឡើងភ្លាម គេសង្កេតឃើញវត្តមាន លោក លី សាវេត អភិបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង អធិការខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ និងនាយការិយាល័យ ពន្លត់អគ្គិភ័យលោក ព្រហ្ម យ៉ត ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ បានទៅជួយអន្តរាគមន៍ភ្លាមៗ រហូតភ្លើងបានរលត់ទាំងស្រុងតែម្តង។
ជុំវិញករណីផ្ទុះ ធុងហ្គាសដ៏ធំនេះ លោក ព្រហ្ម យ៉ត បានប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះថា ក្រោយបញ្ចប់អន្តរាគមន៍ដែលមានរយៈ១ម៉ោងកន្លះមកនេះ សម្រាប់កម្លាំងនគរបាល របស់លោកបានប្រើរថយន្តពន្លត់អគ្គិភ័យ ចំនួន២០គ្រឿង ប្រើទឹក អស់៣៥ជើង បូករួមជាមួយរថយន្តពន្លត់អគ្គិភ័យ របស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ ចំនួន៥គ្រឿង រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា រថយន្តរបស់កងកម្លាំងអាវុធហត្ថ និងរថយន្តរបស់ក្រុមហ៊ុន សាវីណាផងដែរ ដូច្នេះរថយន្តទាំងអស់ មានជាង៣០គ្រឿង។ សម្រាប់ទំហំនៃការខូចខាតវិញ ត្រូវបាននាយការិយាល័យ ពន្លត់អគ្គិភ័យរូបនេះប្រាប់ថា រថយន្តប្រភេទកូរ៉េចំនួន៥គ្រឿង ត្រូវបានខូចខាតទាំងស្រុង ដោយសារភ្លើងឆេះ រងរបួសមនុស្ស២នាក់ ព្រមទាំងឆេះធុងហ្គាស អស់ជាច្រើនធុង។
លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរង កងពលតូចលេខ៧០ ទទួលការងារក្រុម៧១១ បានប្រាប់ថា ក្រុមរបស់លោក បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ទៅជួយអន្តរាគមន៍ បាញ់ពន្លត់ផងដែរ។ បើតាមភ្នាក់ងារ Fresh News ករណីនេះអាចទុកសំណាងមួយដែរ ដែលភ្លើងមិនបានឆេះស៊ីទែនផ្ទុកហ្គាសដ៏ធំ ដែលនៅក្បែរនោះ ពោលឆេះតែនៅជុំវិញ ហើយត្រូវបានកម្លាំងសមត្ថកិច្ច ជួយបាញ់ពន្លត់ទាន់។ អភិបាលខណ្ឌសែនសុខ លោក លី សាវេត បានបង្ហាញការសោកស្តាយចំពោះ ករណីមួយនេះ ដែលបានបំផ្លាញទ្រព្យសម្បត្តិ អស់យ៉ាងច្រើន ព្រមទាំងរងរបួសមនុស្សទៀតផង។ ប៉ុន្តែសម្រាប់ប្រតិបត្តិការ ជួយបាញ់ពន្លត់អគ្គិភ័យវិញ ត្រូវបានលោកអភិបាលខណ្ឌ កោតសរសើរយ៉ាងខ្លាំង ដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលហានប្រឈមក្នុងជួយ ចំពោះគ្រោះអគ្គិភ័យដ៏គ្រោះថ្នាក់នេះ។ ជាការលើកទឹកចិត្តចំពោះកងកម្លាំងសមត្ថកិច្ច ដែលចូលរួមពន្លត់អគ្គិភ័យខាងលើ លោក លី សាវេត បានឧបត្ថម្ភ ថវិកាចំនួន១លាន រៀលផងដែរ។ មន្រ្តីនគរបាល ខណ្ឌសែនសុខ បានបញ្ជាក់ថា ភ្លើងបានរលត់ទៅវិញ នៅវេលាម៉ោងជាង៨យប់ ថ្ងៃដដែលនេះ ក្រោយកើតហេតុ នៅម៉ោងជិត៧៕