(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលនូវរបាយការណ៍ «ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក» របស់សម្ព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO)។

សេចក្តីថ្លែងការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកក្កដានេះបានចាត់ទុករបាយការណ៍របស់សហជីព និងអង្គការទាំង៣នោះ ធ្វើឡើងផ្អែកលើមូលដ្ឋានវិធីសាស្រ្ត ក្នុងការស្រាវជ្រាវមិនត្រឹមត្រូវ ភាពមិនស៊ីចង្វាក់នៃទិន្នន័យ និងអំឡុងពេលស្រាវជ្រាវមិនសមស្រប បន្ទាប់ពីក្រុមការងារបច្ចេកទេសរបស់សមគម បានធ្វើការសិក្សាលំអិតលើរបាយកាណ៍នេះ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ សម្ព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO) បានចេញផ្សាយនូវរបាយការណ៍មួយ មានចំណងជើងថា៖ «ធ្វើការងាររហូតជំពាក់ាបំណុលវ័ណ្ឌក» ដោយបានធ្វើការស្ទង់មតិកម្មករចំនួន១៦២នាក់ មកពីរោងចក្រចំនួន៣ ដែលបានព្យួរការងារទាំងស្រុង ឬដោយផ្នែក ចន្លោះខែមីនា និងឧសភា ឆ្នាំ២០២០។

ដោយផ្តោតការសិក្សាតែពីផលលំបាក នៃការជាប់ជំពាក់បំណុលរបស់កម្មករទាំងនោះ របាយការណ៍នេះបានទាញសេចក្តីសន្និដ្ឋានថា៖ «បញ្ហានេះបង្កើតឱ្យមានវិបត្តិរំលោភសិទ្ធិមនុស្សជាច្រើន ដែលនាំឱ្យពួកគាត់ជួបការលំបាកខ្លាំង ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងធ្វើឱ្យការកាន់កាប់ដីធ្លីរបស់ពួកគាត់ ត្រូវរងសម្ពាធយ៉ាងខ្លាំងពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុក បំណុលភ្លាមៗទេ នោះកម្មករ កម្មការិនីទាំងនេះ នឹងត្រូវប្រឈមនឹងការលក់ដីឬផ្ទះ កាត់បន្ថយការបរិភោគអាហារ ឬខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសងបំណុលដែលមានស្រាប់»

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សង្កត់ធ្ងន់ថា ក្រោយពីធ្វើការសិក្សាលម្អិតលើរបាយការណ៍នេះ សមាគមមើលឃើញថា វិធីសាស្ត្រក្នុងការស្ទង់មតិនេះ ខ្វះលក្ខខណ្ឌបែបវិទ្យាសាស្រ្ត មានភាពលំអៀង និងខ្វះការយល់ដឹងពីវិស័យមីក្រូហិរញ្ញវត្ថុ ហើយគ្មានព័ត៌មានគ្រប់គ្រាន់ ដែលអាចធ្វើការផ្ទៀងផ្ទាត់ឡើងវិញបាន»។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងទៀតថា របាយការណ៍របស់សហជីព និងអង្គការទាំង៣នេះ បានមើលរំលងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកន្លងមក តាមរយៈការជួយឧបត្តម្ភ ដល់កម្មកររោងចក្រដែលផ្អាកដំណើរការ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង របស់វិស័យមីក្រូហិរញ្ញវត្ថុ ដែលបានជួយដល់អតិថិជនរបស់ខ្លួន ក្នុងអំឡុងពេលកូវីដ១៩ ពិសេសតាមរយៈការរៀបចំឥណទានឡើងវិញ ជូនដល់អតិថជនជាងពីរសែននាក់ ក្នុងទំហំឥណទានជាងមួយពាន់លានដុល្លារសហរដ្ឋអាមេរិក។ របាយកាណ៍នេះ ក៏បង្កការរំខានដល់វិស័យមីក្រូហិរញ្ញវត្ថុ ដែលកំពុងតែមមាញឹកក្នុងការទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ១៩ផងដែរ៕

សូមអានសេចក្តីថ្លែងការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖