(ស្ទឹងត្រែង)៖ រយៈពេល៥៤ថ្ងៃ នៃយុទ្ធនាការការពារត្រីមេពូជក្នុងរដូវបិទនេសាទនាឆ្នាំ២០២០នេះ ក្រុមអភិរក្សត្រីមេពូជដែលដឹកនាំដោយមន្រ្តីជលផលខេត្ត បានចុះអបរំផ្សព្វផ្សាយ ណែនាំ និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទក្នុងរដូវត្រីពងកូននេះបានជាច្រើនករណី ក្នុងនោះអប់រំណែនាំប្រជានេសាទចំនួន៨៦០នាក់ និងបានដកហូតមងបណ្តែងវែងៗ និងមងក្រឡាធំៗដែលលួច នេសាទត្រីមេពូជ ចំនួន ៧២ត្បូង ស្មើរនឹងប្រវែងប្រមាណ ១៨,០០០ម៉ែត្រ។
លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះថា បន្ទាប់ពីការចាត់វិធានការតឹងរឹងកាលពីរដូវបិទនេសាទ ឆ្នាំ២០១៩កន្លងមក យុទ្ធនាការរយៈពេលជិតពីរខែក្នុងឆ្នាំ២០២០ ក្នុងរដូវបិទនេសាទនេះ ប្រជានេសាទប្រមាណ៩០% បានគោរពតាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ច ដោយមិនធ្វើការនេសាទជាទ្រង់ទ្រាយធំក្នុងរដូវបិទនេសាទនោះទេ។
លោក ទុំ នីរ៉ូ បានឱ្យដឹងថា បើតាមការប៉ាន់ស្មានបឋម ត្រីមេពូជគ្រប់ប្រភេទមិនតិចជាង៨០% បានរួចពីការនេសាទដោយឧបករណ៍មងបណ្តែង ហើយមានឱកាសបានធ្វើចរាចរណ៍ ទៅកាន់ជម្រកនានាតាមដងទន្លេទាំងបួន។
នាយខណ្ឌបាន បន្តអំពាវនាវដោយទទូចចំពោះថ្នាក់ដឹកនាំគ្រប់រូប ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសបងប្អូនប្រជានេសាទផ្ទាល់ សូមរួមគ្នាថែរក្សា ការពារ និងប្រើប្រាស់នូវធនធានជលផល ដ៏កម្រៗ ឱ្យបន្តបាននូវចីរភាពសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត។
សូមបញ្ជាក់ថា រដូវបិទនេសាទនៅភូមិសាស្រ្តខេត្តស្ទឹងត្រែង គឺចាប់អនុវត្តពីថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ ដែលខេត្តនេះគឺជាខេត្តមួយសំបូរទៅដោយត្រីធម្មជាតិធំៗ និងកម្រៗដូចជា ត្រីរាជ ត្រីគល់រាំង ត្រីត្រសក ត្រីប៉ាស៊ីអី បបែលយក្យ និងសត្វផ្សោតទឹកសាប។ល។
គួរជម្រាបថា ត្រីនៅខេត្តស្ទឹងត្រែង កំពុងតែរងនូវការគម្រាមគំហែងខ្លាំងឡើងៗហើយ ជាពិសេសត្រីទាំងនេះ បានមកដល់ចំណុចភ្លើងលឿងហើយ បើគ្មានការចូលរួមជួយទាំងអស់គ្នាទេ នោះច្បាស់ជាមិនអាចធានាបាននូវនិរន្តរភាពនោះទេ៕