(ព្រៃវែង)៖ សម្ដេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយមន្រ្តីសង្ឃ ទាំងវអភិបាលខេត្តព្រៃវែង និងលោកស្រី ញ៉ែម សាខន បានប្រទានព្រះរាជអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ២០០ គ្រួសារដែលរស់នៅក្នុងភូមិ កន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ការប្រទានអំណោយនាពេលនេះ ចាត់ទុកជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រួលភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងកាលទេសៈប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។
ការប្រទានព្រះរាជអំណោយនេះ រៀបចំឡើងនាព្រឹកថ្ងៃទី ១២កក្កដាឆ្នាំ ២០២០ នៅក្នុងទីតាំងភូមិគ្រឹះរបស់សម្ដេច ជា ស៊ីម ដោយផ្ទាល់។
ក្នុងឱកាសប្រទានព្រះរាជអំណោយនេះ បានផ្តល់ព្រះរាជឪវាទ ប្រាប់ដល់ព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងមូលដ្ឋាន ដែលមានវត្តមានទាំងអស់ ត្រូវតែបន្តការប្រុងប្រយ័ត្នខ្ពស់ ស្ដាប់និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ១៩។
សម្ដេចព្រះមហាសង្ឃរាជក៏មានសង្ឃដីការរម្លឹកដល់គុណបំណាច់របស់ សម្ដេច ជា ស៊ីម ដែលបានបំពេញកិច្ចការជាច្រើន ក្នុងការចាប់ផ្ដើមវិស័យព្រះពុទ្ធសាសនាជាថ្មីក្រោយពីរបបប្រល័យពូជសាន៍ខ្មែរក្រហម ដោយកាលពីឆ្នាំ ១៩៧៩ មានព្រះសង្ឃត្រឹមតែ ៧អង្គប៉ុណ្ណោះ ហើយសព្វថ្ងៃចំនួនព្រះសង្ឃបានកើនឡើងដល់ជាង ៧ម៉ឺនអង្គទូទាំងប្រទេស។
ក្នុងឱកាសប្រទានព្រះរាជអំណោយនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានលើកឡើងថានេះជាកិត្តិយសដ៏ថ្លៃថ្លាបំផុត ដែលមានវត្តមានរបស់សម្ដេចព្រះមហាសង្ឃរាជយាងមកប្រទានព្រះរាជអំណោយដោយផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងខេត្ត ព្រៃវែង។ ឯកឧត្តមអភិបាលខេត្តមើលឃើញថា នេះជាព្រះរាជសកម្មភាពដ៏ប្រពៃក្នុងវិស័យពុទ្ធចក្រ ចូលរួមក្នុងកិច្ចការវិស័យអាណាចក្រដោយរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រួលជីវភាពប្រជាពលរដ្ឋ។
តាមរយៈព្រះនិស្ស័យសត្ថា សៀរ ភារ៉ា ព្រះលេខាធិការផ្ទាល់ សម្ដេចព្រះមហាសង្ឃរាជ បានមានថេរដីការបញ្ជាក់ថា ក្នុងមួយរយៈពេលចុងក្រោយដែលកម្ពុជាកំពុងកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩នេះ សម្ដេចព្រះមហាសង្ឃរាជបានបំពេញព្រះរាជសកម្មភាព ប្រទានព្រះរាជអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន២ ២០០គ្រួសារមកហើយ។ សម្រាប់ព្រះអំណោយនាព្រឹកនេះផ្ទាល់ រួមមានថវិការចំនួន ៤ម៉ឺនរៀលអង្ករ២៥គីឡូ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មីក្រមា និងមានការឧបត្ថម្ភថវិការបន្ថែមពី សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន និងអំណោយជាថវិការរបស់ឯកឧត្តមអភិបាលខេត្តផងដែរ៕