(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានរិះគន់ដល់មន្រ្តីធនាគារជាតិ និងមន្រ្តីរតនាគារជាតិ ដែលធ្វើឲ្យលោកវិលមុខ ឈឺក្បាល នៅពេលរូបលោកយកប្រាក់ចំនួន៣លានរៀល ទៅតម្កល់ដើម្បីស្នើនឹងចុះបញ្ជីឈ្មោះគណបក្សឲ្យបានស្របច្បាប់ នេះបើយោងតាមប្រធានគណបក្សរូបនោះថ្លែងប្រាប់អង្គភាព Fresh News នៅព្រលប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។
លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីអនុវត្តការទទួលយកប្រាក់តម្កល់៣លានរៀល របស់គណបក្សរបស់ខ្ញុំ ដែលស្នើចុះបញ្ជី ឲ្យបានច្បាស់លាស់ ខ្ញុំបានទៅបង់នៅធនាគារជាតិ ហើយមន្រ្តីនៅទីនោះគេថាមិនដឹង, ខ្ញុំក៍ខលទៅមន្រ្តីក្រសួងមហាផ្ទៃគេថា ទៅរតនាគារជាតិវិញ លុះខ្ញុំទៅដល់រតនាគារជាតិមន្រ្តី នៅទីនោះគេថា ទៅធនាគារជាតិ ព្រោះថាពួកគេទទួលតែឯកសារទេ។ ខ្ញុំគិតថា បើការងារមិនដឹងខ្យល់ចឹង ខ្ញុំនឹងយកប្រាក់៣លានរៀល ទៅឲ្យលោក ស ខេង វិញហើយ ឲ្យគាត់ចាត់ចែងតាមការគួរ ដែលគាត់បានកំណត់ទៅ។ ដល់ពេលគណបក្សយុវជនកម្ពុជា ដឹកនាំប្រទេសវិញម្តងហើយ បើមន្រ្តីយ៉ាប់ៗបែបនឹង»។
ប្រធានគណបក្សរូបនោះបានអះអាងថា នៅពេលនេះគណបក្សរបស់លោករកសម្លេងអ្នកគាំទ្រ បានចំនួន៤០០០នាក់គ្រប់ចំនួនហើយ លោកនឹងដាក់ពាក្យទៅកាន់ក្រសួងមហាផ្ទៃ នៅប៉ុន្មានថ្ងៃខាងមុខនេះ នៅពេលទទួលបានការបញ្ជាក់ពីខាងធនាគារ។
សូមជំរាបថា គណបក្សយុវជនកម្ពុជានេះ ទើបនឹងចាប់កំណើតនៅចុងឆ្នាំ២០១៥ តែប៉ុណ្ណោះ។