(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី១៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ អាស៊ានបានដាក់ចេញនូវគោលការណ៍មួយចំនួន ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងតំបន់ ខណៈដែលឆ្នាំ២០១៥កន្លងទៅនេះ អាស៊ានទទួលបាន ភ្ញៀវទេសចរណ៍ប្រមាណ១០៥លាននាក់។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបានដឹកនាំប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី១នេះ បានផ្សព្វផ្សាយថា ក្នុងកិច្ចប្រជុំនោះ អាស៊ានអនុម័តផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥ ដែលមានចក្ខុវិស័យនៅឆ្នាំ ២០២៥ សំដៅធ្វើឲ្យអាស៊ានក្លាយជា គោលដៅទេសចរណ៍ប្រកបដោយគុណភាព ផ្តល់នូវបទពិសោធន៍ ដ៏វិសេសប្រកបដោយភាពសំបូរបែប និងដោយឈរលើ គោលការណ៍ការទទួលខុសត្រូវ និរន្តរភាពនិងគ្រប់ជ្រុងជ្រោយ ជាមួយនឹងការអភិវឌ្ឍ ទេសចរណ៍ដែលមានតុល្យភាព រួមចំណែកក្នុងការលើកកំពស់សុខមាលភាព សេដ្ឋកិច្ច-សង្គម របស់ប្រជាពលរដ្ឋអាស៊ាន។
អាស៊ានបានកំណត់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព តាមរយៈការអនុវត្ត ស្តង់ដារទេសចរណ៍សណ្ឋាគារបៃតងអាស៊ាន (ASEAN Green Hotel Standard) ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន ( ASEAN Clean Tourist Standard ដែលត្រូវចាប់ផ្តើមយកចិត្តទុកដា ចាប់ពីពេលនេះទៅ ដើម្បីឈានឆ្ពោះទៅការប្រកាស លទ្ធផលលើកទីមួយនៅ វេទិកាទេសចរណ៍អាស៊ាន ២០១៨ នៅប្រទេសថៃ) ស្តង់ដារផ្ទះស្នាក់អាស៊ាន (ASEAN Homestay Standard) ស្តង់ដារបង្គន់សាធារណអាស៊ាន (ASEAN Public Toilet Standard) ស្តង់ដារស្ប៉ាអាស៊ាន(ASEAN SPA and Wellness Standard) ស្តង់ដារទេសចរណ៍សហគមន៍នៃអាស៊ាន (ASEAN Community-Based Tourism Standard)។
លោក ថោង ខុន បានបញ្ជាក់ទៀតថា កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ក៏ជម្រុញកិច្ចសហប្រតិបត្តិការ និងការផ្សព្វផ្សាយទេសចរណ៍ផ្ទៃក្នុងអាស៊ាន (ASEAN Intra-Travellers) ទីផ្សារទេសចរណ៍អាស៊ានបូក រួមមានអាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េ) អាស៊ានបូកឥណ្ឌា អាស៊ានបូករុស្ស៊ី អាស៊ានបូកអូស្រ្តាលី ផងដែរ។
ក្រៅពីនោះកិច្ចប្រជុំ ក៏បានកំណត់រៀបចំឆ្នាំទស្សនាអាស៊ាន ក្រោមប្រធានបទ "ទស្សនាអាស៊ាន ខួបលើកទី៥០" (Visit ASEAN@50) ដើម្បីអបអរសាទរខួបលើកទី៥០នៃការបង្កើតសមាគមអាស៊ាននៅឆ្នាំ២០១៧ទៀតផង៕