(ភ្នំពេញ)៖ លោក សុខ ទូច ប្រធានក្រុមការងារស្រាវជ្រាវព្រំដែន នៃរាជបណ្ឌិតសភាកម្ពុជា បានទាមទារឲ្យប្រទេសវៀតណាម ដឹងគុណកម្ពុជា ដែលបានចូលរួមចំណែកបង្រួបបង្រួមវៀតណាមខាងជើង និងវៀតណាមខាងត្បូង។ លោក សុខ ទូច បានអះអាងថា បើគ្មានការរួមចំណែកពីកម្ពុជាទេ វៀតណាមមិនអាចបង្រួបបង្រួមនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ បាននោះឡើយ។
វីដេអូឃ្លីបរយៈពេលប្រមាណ ១នាទី នៅតំបន់ព្រំដែនក្នុងខេត្តនៅភូមិភាគឦសានប្រទេសកម្ពុជា ពេលកំពុងចុះស្រាវជ្រាវរកព្រំដែន កម្ពុជា-វៀតណាម បន្សល់ទុកនៅសម័យបារាំង លោក សុខ ទូច បានបង្ហាញរណ្តៅគ្រាប់បែក B52 ដ៏ជ្រៅមួយ ដែលរណ្តៅគ្រាប់បែក នេះទម្លាក់ដោយកងទ័ពអាមេរិក ដើម្បីផ្តាច់ផ្លូវរបស់កងទ័ពវៀតណាមខាងជើង ដឹកជញ្ជូនស្បៀង និងសព្វាវុធ ទៅវាយវៀតណាម ខាងត្បូង។
ជាមួយការបង្ហាញរណ្តៅគ្រាប់បែក B52 នេះ លោក សុខ ទូច បានថ្លែងថា «រណ្តៅនេះ វៀតណាម ត្រូវដឹងគុណកម្ពុជា បើគ្មានកម្ពុជាទេ កុំនិយាយ ៣០ មេសា ១៩៧៥។ នៅ ៣០ មេសា ឆ្នាំ១៩៧៥ កម្ពុជា បានផ្តល់ផ្លូវលំហូជីមិញ ដែលនៅក្នុងតំបន់ដាឡាត់ ដាក់ណាង គឺសហរដ្ឋអាមេរិក បានកាត់ផ្តាច់ទាំងស្រុង រវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូង ហើយវៀតណាម បានប្រើទឹកដីកម្ពុជាជាទីតាំង ដើម្បីបង្រួប បង្រួមវៀតណាមទាំងពីរ»។
លោក សុខ ទូច៖ វៀតណាម ត្រូវដឹងគុណកម្ពុជា បើគ្មានកម្ពុជា គ្មានការបង្រួបបង្រួមវៀតណាម ៣០ មេសា ១៩៧៥ ឡើយ!
Posted by Fresh News on Thursday, January 21, 2016