(ភ្នំពេញ)៖ លោកឧត្តសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងឱកាសចុះសួរសុខទុក្ខមន្ដ្រីនគរបាល ដែលកំពុងសម្រាកព្យាបាលជំងឺ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ បានអះអាងថា លោកមិនទុកឲ្យមន្ដ្រីណាម្នាក់នៅឯកោ ពេលមានជំងឺ គ្រោះថ្នាក់ចរាចរណ៍ ឬជួបបញ្ហាផ្សេងៗឡើយ។

លោកឧត្តមសេនីយ៍ឯក ស ថេត ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់ ដែលតែងតែយកចិត្តទុកដាក់ និងបារម្មណ៍អំពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ ហើយលោកតែងតែឆ្លៀតពេលជាប្រចាំ ទោះជាថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាកក្តី ក៏ឆ្លៀតពេលដើម្បីចុះមើល និងសួរសុខទុក្ខដោយផ្ទាល់ ដើម្បីឲ្យបានឃើញច្បាស់ អំពីស្ថានភាពជាក់ស្តែង។

ជាពិសេសការចុះសួរសុខទុក្ខដោយផ្ទាល់នេះ គឺជាឱសថដ៏ស័ក្តសិទ្ធដែលបានលើកទឹកចិត្តដ៏ខ្លាំងក្លា ដល់មន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺផងដែរ ម្យ៉ាងវិញទៀត តាមការសង្កេតរបស់ក្រុមការងារ បានឃើញថា មន្ត្រីទាំងឡាយដែលបានលោកស្នងការចុះសួរសុខទុក្ខដោយផ្ទាល់ គាត់បានបង្ហាញអារម្មណ៍ ក្តុកក្តួល រំភើប ស្ទើរតែទប់ទឹកភ្នែកមិនបាន ព្រោះតែក្តីរីករាយខ្លាំងដោយបានឃើញថ្នាក់ដឹកនាំ ចំណាយពេលចុះសួរសុខទុក្ខមន្ត្រីរបស់ខ្លួនដល់មន្ទីរពេទ្យ និងគេហដ្ឋានដោយផ្ទាល់បែបនេះ។

ក្នុងការចុះសួរសុខទុក្ខនេះ លោកឧត្តមសេនីយ៍ឯក ស ថេត បាននាំយកជាសម្ភារ និងថវិកាមួយចំនួន ដើម្បីផ្តល់ជូនមន្ត្រីកំពុងសម្រាកព្យាបាលជំងឺ ហើយក៏អាចជួយសម្រាលមួយផ្នែក សម្រាប់ការព្យាបាលផងដែរ។ ជាមួយនោះដែរ លោកស្នងការបានណែនាំឲ្យមន្ត្រីទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាព ហើយជូនពរឲ្យឆាប់ជាសះស្បើយ។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្តាំផ្ញើមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវឆ្លៀតពេលទៅសួរសុខទុក្ខមិត្តរួមការងារ ដើម្បីជាលើកទឹកចិត្ត កុំឲ្យមានពាក្យនិយាយថា ពេលមន្ត្រីនៅមានកម្លាំងប្រើគាត់ ដើម្បីបម្រើប្រជាពលរដ្ឋ និងអង្គភាព ពេលគាត់ឈឺបែរជាគ្មាននរណាម្នាក់យកចិត្តទុក្ខដាក់ ឬមកសួរសុខទុក្ខគាត់ឡើយ៕