(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយផ្សេងទៀតហើយ នៅតាមផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងឃំុក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយរថយន្តទួរីសមួយគ្រឿង បានក្រឡាប់ បណ្តាលឲ្យមានអ្នករងរបួសជិត១០នាក់ ។
អធិការនគរបាលស្រុកក្រគរ លោក ឯម រុណបានប្រាប់អង្គភាព Fresh News ថា ជនរងគ្រោះទាំងអស់ មិនមានរងរបួសធ្ងន់ធ្ងរនោះឡើយ ពោលក្រោយកើតហេតុ ត្រូវបានបងប្អូនដឹកយកទៅផ្ទះបាត់អស់ហើយ។
លោកបានបន្តថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកទួរីស ធ្វើដំណើរពីលិចទៅកើត ខណៈមកដល់កន្លែងកើតហេតុ ស្រាប់តែបែកកង់បណ្តាលឲ្យក្រឡាប់តែម្តង។
បើតាមអធិការ នៅរសៀលថ្ងៃដដែលនេះ ថ្នាក់ដឹកនាំស្រុក បាននិមន្តព្រះសង្ឃ មកសូត្រធម៌ និងប្រោះព្រុំ សុំសេចក្តីសុខ សេចក្តីចំរើនតាមដងផ្លូវមួយនេះ ដែលពិធីនេះបានធ្វើឡើងក្រោយពេលមានរថយន្តក្រឡាប់នេះ។
គួររំឮកផងដែរថា នៅឃុំក្បាលត្រាចដដែលនេះ នៅប៉ុន្មានថ្ងៃមុននេះ មានករណីរថយន្តក្រុងក្រុមហ៊ុន រស្មីភ្នំពេញ បើកបុករថយន្តដឹកអង្ករ បណ្តាលឲ្យមានមនុស្សស្លាប់៥នាក់ និងរបួស១៩នាក់ ៕