(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានជំរុញមន្ត្រីកងរាជអាវុធហត្ថទូទាំងខេត្តពោធិ៍សាត់ បង្កើនសកម្មភាពការងារបន្ថែម ដើម្បីថែរក្សាការពារសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋក្នុងតំបន់គោលដៅឱ្យកាន់តែប្រសើរឡើង ដើម្បីបង្ការទប់ស្កាត់ រាល់បទល្មើសផ្សេងៗ។
លោក ម៉ៅ ធនិន ថ្លែងជំរុញបែបនេះ ក្នុងឱកាសសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និង ពលទាហាន កងរាជអាវុធហត្ថខេត្ត ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងដាក់ទិសដៅឆ្នាំ២០១៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។
លោកអភិបាលខេត្ត បានថ្លែងថា កងរាជអាវុធហត្ថ គឺជាស្ថាប័នមួយមានតួនាទីភារកិច្ចយ៉ាងសំខាន់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង បង្ការទប់ស្កាត់នូវរាល់បទល្មើស។ តែទោះជាយ៉ាងណាបទល្មើសនៅតែកើតមាន ដូចជាបទល្មើសព្រៃឈើ ជលផល និងចោរកម្ម ត្រូវទាមទារឲ្យមន្ត្រីកងរាជអាវុធគ្រប់ផ្នែកគ្រប់កងឯកភាព ត្រូវជំរុញសកម្មភាពនេះ ឲ្យបានក្លាំងក្លាដូចភ្លៀងរលឹម ដូចពាក្យថា «បើកម្លាំងយើងខ្លាំងសត្រូវចុះខ្សោយ តែបើកម្លាំងយើងខ្សោយសត្រូវខ្លាំងវិញ»។
លោក ម៉ៅ ធនិន បានបន្ថែមថា «ក្នុងនាមយើងជាមន្ត្រីកងរាជអាវុធហត្ថ ត្រូវតែប្រកាន់ភ្ជាប់គោលការណ៍ច្បាប់ និង បទបញ្ជា តែក៏ត្រូវមានព្រហ្មវិហាធម៌ទាំង៤ ទើបធ្វើឲ្យប្រជាពលរដ្ឋមានជំនឿ ទំនុកចិត្ត តែមិនដូច្ឆោះទេ ប្រជាពលរដ្ឋ មានការខ្លាចរអារ និង លាក់បាំងបទល្មើសថែមទៀតជាមិនខាន»។
លោក អភិបាលខេត្ត ក៏បានសំណូមពរកងរាជអាវុធហត្ថទាំងអស់ បង្កើនការសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាឲ្យ មូលដ្ឋានខេត្តរក្សាបានសុខសន្តិភាព ស្ថេរភាព គ្មានបទល្មើស គ្មានចោរកម្ម ជាគ្រឹះរឹងមាំ សម្រាប់ធានាការអភិវឌ្ឍលើគ្រប់វិស័យ លើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តល់អង្គភាពកងរាជអាវុធហត្ថ អង្ករ ១ តោន សាំង ១០០០លីត្រ និង ថវិកា ២លានរៀល ព្រមទាំងចែកជូនជាសារុងម្នាក់មួយ ដល់មន្រ្តីកងរាជអាវុធហត្ថខេត្តជាង ២០០នាក់៕