ឪពុកប៉ុនប៉ងរំលោភកូនបង្កើតខ្លួនឯង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន
11-07-2020 14:15
(ស្ទឹងត្រែង)៖ ជនសង្ស័យម្នាក់ បានប៉ុនប៉ងចាប់រំលោភកូនបង្កើតខ្លួនឯង ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់សាមគ្គីចាប់ខ្លួន និងបញ្ជូនមកអធិការដ្ឋានក្រុងស្ទឹងត្រែង។
ជនសង្ស័យជាឪពុកត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
លោក អ៊ុង សុភ័ក្រ មេប៉ុស្តិ៍សង្កាត់សាមគ្គី បានឲ្យដឹងថា ជនសង្ស័យជាឪពុកមានឈ្មោះ អាត អាង អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកកូនបង្កើតឈ្មោះ អ.ម.ន អាយុ១៥ ឆ្នាំ(អនីតិជន) រស់នៅជាមួយឪពុកបង្កើត ក្នុងភូមិឃុំកើតហេតុខាងលើ។
លោកមេប៉ុស្តិ៍បន្តឲ្យដឹងទៀតថា នៅយប់កើតហេតុម៉ោង ៥ទៀបភ្លឺ ជនសង្ស័យជាឪពុក បានធ្វើសកម្មភាពប៉ុនប៉ងរំលោភកូនស្រីខ្លួនឯងបង្កើត តែដោយសារកូនស្រីស្លៀកខោជាច្រើនជាន់ និងមានការរើបម្រះ (មិនបានសម្រេច) ស្រែកឲ្យគេជួយ ទើបផ្អើលដល់អ្នកជិតខាងរាយការណ៍ និងដល់សមត្ថកិច្ច ក៏មកធ្វើការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យជាឪពុក ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាមគ្គី ធ្វើការឃាត់ខ្លួនធ្វើរបាយការណ៍បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី៕