(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បានកោតសរសើរ ដឹងគុណជានិច្ច ចំពោះនាយ នាយរងអាវុធហត្ថនិវត្តន៍ជនទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់ស្មារតីក្នុងការបំពេញការងារបម្រើប្រជាជន និងជាតិមាតុភូមិ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខដល់ នាយ នាយរងអាវុហត្ថចូលនិវត្ត ដើម្បីអបអរសាទរខួបលើកទី២៧ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២០) នៅបញ្ជការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានលើកឡើងថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន ដែលជានិច្ចកាលនាយឧត្តមសេនីយ៍ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងគ្រប់រូបផងដែរ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានពាំនាំមកនូវការសាកសួរសុខទុក្ខ និងការជូនពរជ័យពីសំណាក់នាយឧត្តសេនីយ៍ សៅ សុខា ជូនចំពោះនាយ នាយរងអាវុធហត្ថនិវត្តន៍ជន និង ក្រុមគ្រួសារទាំងអស់ សូមឲ្យឲ្យជួបតែសេចក្តីសុខចំរើនចៀសផុតជំងឺដង្កាត់ទាំងឡាយ។
ទីបញ្ចប់លោកឧត្តមសេនីយ៍មេបញ្ជាការ បានជូនពរដល់នាយ នាយរង អាវុធហត្ថ និងនិវត្តន៍ជនទាំងអស់ សូមអោយមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ សូមឲ្យអ្នកដែលមានជំងឺ ឆាប់ជាសះស្បើយ និងសូមឲ្យជួបតែពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។ ថវិកាដែលប្រគល់ជូនដល់ នាយ នាយរងអាវុធហត្ថ និងនិវត្តន៍ជនទាំងអស់សរុបជាង ១០លានរៀល និងសម្ភារមួយចំនួនទៀតរួមមាន៖ អង្ករ ទឹកសុទ្ធ មី ទឹកស៊ីវអ៊ីវ ទឹកត្រី ក្រម៉ា និងទឹកផ្លែឈើ៕